សម្តេច តេជោ ហ៊ុន សែន ប្រកាសសុខចិត្តកាត់ដៃចោល តែមិនចុះហត្ថលេខា(សុំ) លើកលែងទោស លោក សង រង្ស៊ី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ ប្រកាសនូវជំហរដាច់ណាត់ទុកជាមុន ក្នុងករណីមានការស្នើសុំណាមួយ ឲ្យសម្តេចតេជោ ធ្វើសំណើរលើកលែងទោស ចំពោះមេដឹកនំាបក្សប្រឆាំងនោះ សម្តេចប្រកាសសុខចិត្តកាត់ដៃម្ខាងចោល តែដាច់ខាតមិនចុះហត្ថលេខានោះទេ។

សម្តេច បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ ជូន និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចមានប្រសាសន៍ ម្តងហើយម្តងទៀតថា “ខ្ញុំបានលើកលែងទោស២ដងរួចហើយ បើលើកលែងទោសលើកទីបី ខ្ញុំសុខកាត់ដៃក្រវាត់ចោល។ ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ”។

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កំពុងនិរទេសខ្លួនដោយខ្លួនឯង ពីការតាមចាប់ខ្លួនពីសំណាក់តុលាការនៃប្រទេសកម្ពុជា ក្នុងសំណុំរឿង បណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស។