អង្គុយ​ផឹកស៊ី​មុខ​ផ្ទះ ត្រូវ​រថយន្ត​បុក​ស្លាប់១ របួសធ្ងន់១

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ថត​រួប​​នៅ​វត្ត​ភ្នំ ​មក​ពី​ថតរូប​វិញ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិ ​ស្រាប់តែ​​មាន​រថយន្ត​មួយ​គ្រឿង​បត់​ចូល​ផ្ទះ​​ច្រឡំ​​ជាន់​ហ្គែរ​​ ហោះ​ទៅ​បុក​កិន​​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៧ ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៩៣ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ស​ព​​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​​មាន​ឈ្មោះហុង ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​ជា​អ្នក​ថតរូប​នៅ​វត្ត​ភ្នំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កន្លែង​កើត​ហេតុ មានស្រុក​​កំណើត​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រីឯ​ជន​រង​គ្រោះ​ដែល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2AH-5306 អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់​​ភ្លាម ក្រោយ​ពេល​បើក​បុក​មនុស្សស្លាប់ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា នៅ​ចំណុច​ខាងលើ​ជា​កន្លែង​លក់​បាយ​ពេល​ព្រឹក មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទើប​នឹងត្រឡប់​មក​ពី​ថតរូប​នៅ​វត្ត​ភ្នំ​វិញ ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តី​​ ដែល​ស្នាក់​នៅ​ជិត​គ្នា​នោះ គឺ​អង្គុយ​ផឹក​តែ​២​នាក់​​អង្គុយ​ដាក់​តុ​តូច​នៅ​មុខ​ផ្ទះ ខណៈ​ពេល​ផឹក​បាន​បន្តិច​ជន​​រង​គ្រោះ បាន​ដើរទៅ​បន្ទប់​ជួល​នៅ​ខាងក្រោយ​កន្លែង​កើតហេតុ​ដោះ​ម៉ាស៊ីន​ថត​ទុក​រួច​ហើយ​បាន​មក​អង្គុយ​ផឹក​បន្ត​ទៀត​ ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​បង្ក​ បំរុង​បត់​ចូល​ផ្ទះ​នៅ​ក្បែរ​​កន្លែង​ជន​រង​គ្រោះ អង្គុយ​ផឹក តែ​បួង​ចង្កូត​អត់​អស់​បម្រុង​ជាន់​ហ្វ្រាំង​រ៉ឺ​យ៉ែ​ថយក្រោយ​វិញ​ បែរជា​ច្រឡំ​ជាន់​ហ្គែរ​ហោះ​ទៅ​បុក​រះ​ជន​រង​គ្រោះ​ ដែល​កំពុង​តែ​អង្គុយ​​ផឹកស្រា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ បាន​រថយន្ត​សា​មុ​យ​ដឹក​យក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក​បន្ទាប់​ពី​បុក​ជន​រង​គ្រោះ​២​នាក់​​ ហើយ​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សាំ​យ៉ុងចត​នៅ​មុខ​ផ្ទះ​ជិត​កន្លែង​កើតហេតុ ខូចខាត​តិចតួច ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង​មិន​បាន​ប្តឹង​ទាមទារ​ការ​ខូចខាត​ទេ ។

ក្រោយ​កើតហេតុ​ អ្នក​បើករថយន្ត​បង្ក​រត់គេច​បាត់​ស្រមោល​ហើយ​មិន​មាន​នរណា​ហ៊ាន​ចេញ​មុខ​អះអាង​ថា​ ជា​ម្ចាស់​រថយន្ត​ទេ ​សុខ​ចិត្ត​ឱ្យ​​សមត្ថកិច្ច​​ស្ទូ​​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ ចំណែក​​សព​បុរស​រង​គ្រោះ​ សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ឯ​ស្រុក​​តាម​ប្រពៃណី ៕