សម្ដេច​ក្រឡាហោម​ផ្ដល់​ថវិកា​​លើកទឹកចិត្ត​ដល់​ស្នងការ​ខេត្ត​ចំនួន​០៣ ​និង​នាយកដ្ឋាន​០២​ដែល​មាន​ស្នាដៃ​បង្ក្រាប​ចោរប្លន់​

ខេត្តពោធិ៍សាត់ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ​ធ្នូ ​​២០១៥ ​កន្លង​ទៅ​នេះ​ លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន កង សុ​ខន អគ្គស្នងការ​រង​នគរបាល​ជាតិ​តំណាង​ឲ្យ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ​បាន​នាំ​យក​ថវិកា​របស់​សម្ដេច​ក្រឡាហោម​ ស ខេ​ង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​ផ្ដល់​ជូន​ស្នងការ​នគរបាល​ខេត្ត​ចំនួន​០៣​ គឺ​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និង​នាយកដ្ឋាន​ចំនួន​០២​ទៀត​ គឺ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​នាយកដ្ឋាន​បច្ចេកទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​រហូត​ឈាន​ទៅ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​គ្នា​។​

ពិធី​នេះ​បាន​ប្រារ​ព្វ​ធ្វើ​រួម​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ទាំង​ពីរ​ និង​លោកស្នងការ​នគរបាល​ខេត្ត​ទាំង​០៣​ផង​ដែរ​។

ថវិកា​របស់​សម្ដេច​ក្រឡាហោម​បាន​បែងចែក ​ក្នុង​នោះ​នាយកដ្ឋាន​ទាំង​០២​ខាងលើ​ចំនួន​៨០​លាន​រៀល ស្នងការ​នគរបាល​ខេត្តបាត់ដំបង​៤០​លាន​រៀល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​៤០​លាន​រៀល និង​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​៣០​លាន​រៀល​។

លោកនាយ​ឧត្តមសេនីយ៍​ កង សុ​ខន​ មាន​ប្រសាសន៍​ថា ថវិកា​​ទាំងនេះ​ជា​ថវិកា​​របស់​សម្ដេច​ក្រឡាហោម ​ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រាប់​លើកទឹកចិត្ត​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​០៣​ដែល​បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង​បច្ចេកទេស​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ដ៏កក្រើក​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​បាន​កើតឡើង​ស្ទួន​ៗ​គ្នា​ក្នុង​ពេល​ថ្មី​ៗ​នេះ​​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព