ពីរ​ថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរអ៊ិស្លាម​បង់សំណាញ់​រើស​បាន​អាវុធ​២​ដើម​ប្រគល់​ឱ្យ​សមត្ថកិច្ច​​

ខេត្តកំពង់ឆ្នាំង ៖ អាវុធ​អាកា​៤៧ ប្រភេទ​ស្វាយ​បត់ មួយ​ដើម រួម​និង​គ្រាប់​មួយ​បង់ ត្រូវ​បាន​ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមបង់សំណាញ់​បាននៅ​ចំណុច​ផ្លូវលំក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង កាលពី​វេលា​ម៉ោង១២​ ​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៥ ហើយ​បាន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​​ប៉ុស្តិ៍​ផ្សារឆ្នាំងនៅ​ល្ងាច​ថ្ងៃ​ដដែល ។

​បុរស​ឈ្មោះ​ម៉ាត់ ស៊ី​ម អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរអ៊ិស្លាម មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​និយាយឱ្យ​ដឹង​ថា រូប​គាត់​ និង​កូន​ទាំងអស់​មាន​គ្នា៣​នាក់ បាន​ទៅ​បង់​សំណា​ញ់នៅ​ចំណុច​ខាង​លើជា​ធម្មតាដូច​សព្វដង តែ​ថ្ងៃ​កើតហេតុពេល​គាត់​បង់សំណាញ់​ជិត​ដល់​ពេលសម្រាក​ទៅ​ហើយ​​ស្រាប់តែ​ជាប់​កាំភ្លើង​អាកា​១​ដើម ហើយ​គាត់​បានយក​មក​​ទុក​នៅ​បាត​កាណូត លុះ​ដល់​​ពេលរសៀល​គាត់​ត្រឡប់​មក​វិញក៏​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

​លោក រិ​ន រ​ដ្ឋា នាយ​នគរបាល​ប៉ុ​ស្តិ៍​ផ្សារឆ្នាំង បានឱ្យ​ដឹង​ថា អាវុធ​១​ដើម​នោះ​ជា​អាវុធ​អាកាស្វាយ​បត់ មាន​លេខ​៩០៩៩ ផ​​លិត​នៅ​ប្រទេស​សូ​វៀត នៅ​មានគុណ​ភាព​៧០​ភាគរយ មាន​បង់​១​និងគ្រាប់​១៩​គ្រាប់ ។

តាម​ការសន្និ​ដ្ឋាន អាវុធ​នេះ​អាច​​ត្រូវ​បាន​ជនខិលខូច​យក​ទៅ​ទម្លាក់​ចូល​ទន្លេ ប្រហែល១​ឆ្នាំ​មុន ព្រោះ​វា​ត្រូវ​បាន​ច្រែះ​ស៊ី​ពី​ខាងក្រៅ​ខ្លះ​ហើយ តែ​នៅ​មានគុណ​ភាព​៧០​ភាគរយ ហើយ​អាវុធ​នេះ​លោក​នឹង​ដុះលាង ​នឹង​សុំ​ថ្នាក់លើទុក​ប្រើប្រាស់​នៅ​ប៉ុស្តិ៍នគរបាល​របស់​លោក ។

លោកនាយ​ប៉ុ​ស្តិ៍នគរបាល​ក៏​បាន​ប្រាប់​ដែរ​ថា កាលពី​ថ្ងៃ​ទី២៦ ​ធ្នូ ​​២០១៥ ​គឺ​មុន​នេះ​មួយថ្ងៃ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរអ៊ិស្លាម បង់សំណាញ់​បាន​អាវុធ ធុនអឹ​ម​16 មួយ​ដើម​ដែរ​នៅ​ចំណុចស្ទឹង​ជ្រៅ ក្នុងភូមិ​សាស្ត្រ ស្រុក​បរិបូរ​ណ៌ ហើយ​បាន​យក​មក​ប្រគល់ឱ្យ​ប៉ុស្តិ៍នគរបាល​គាត់​ដែរ រួម​ទាំង​គ្រាប់ចំនួន២៧​គ្រាប់​។​

អាវុធ​នោះ នៅ​មានគុណ​ភាពប្រមាណ៤០​ភាគរយ​ប៉ុណ្ណោះ​៕​​