រអិលបាក់ដី សង្កត់ទីតាំង ជីកយករ៉ែម្នាងសិលា នៅចិន រុញច្រានឲ្យ ម្ចាស់ទីតាំង លោតចូលអណ្តូងរ៉ែ បញ្ចប់ជិវិត ខ្លួនឯង

ចិន៖ ហេតុការណ៍រអិលបាក់ដី សង្កត់លើទីតាំងជីកយករ៉ែម្នាងសិលា នៅឯប្រទេសចិន គឺជារឿងដ៏ អកុសលមួយដែលបាន កើតឡើងកាលពីសប្តាហ៍មុននេះ តែអ្វីដែលរឹតតែ អាក្រក់ជាងនេះទៀតនោះ គឺថា២ថ្ងៃក្រោយមក ម្ចាស់ទីតាំងជីកយករ៉ែនោះ ក៏បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួន ព្រោះតែមិនអាច ទ្រាំទ្រនឹងវិនាសកម្ម ដែលបណ្តាលមកពី គ្រោះធម្មជាតិមួយនេះបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានហេតុការណ៍ រអិលបាក់ដីរលំសង្កត់ ទីតាំងជីកយករ៉ែម្នាងសិលា ដ៏ធំមួយនៅឯខេត្តសានទុង ប្រទេសចិន ដែលបណ្តាលឲ្យកម្មករ ជាច្រើនជាប់នៅក្នុងនោះ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ ហើយជាលទ្ធផល មកទល់ពេលនេះ គឺមានមនុស្សម្នាក់បានស្លាប់ ស្របពេលដែល ក្រុមសង្រ្គោះបានជួយទាញ មនុស្សដែលជាប់ក្រោមដី បានដោយសុវត្ថិភាព ចំនួន៩នាក់មកហើយ។ រីឯប្រតិបត្តិការ សង្រ្គោះនិង រុករកជនរងគ្រោះរបស់ ក្រុមអាជ្ញាធរ នៅតែបន្តនៅឡើយ។

រអិលបាក់ដី សង្កត់ទីតាំង ជីកយករ៉ែម្នាងសិលា នៅចិន រុញច្រានឲ្យ ម្ចាស់ទីតាំង លោតចូលអណ្តូងរ៉ែ បញ្ចប់ជិវិត ខ្លួនឯង
ជនរងគ្រោះ នៅក្នុងហេតុការណ៍ រអិលបាក់ដី សង្កត់ទីតាំងជីកយករ៉ែម្នាងសិលា

យ៉ាងណាមិញ នៅមានរឿងដ៏អកុសល មួយទៀតបានកើតឡើង បន្ទាប់ពីគ្រោះមហន្តរាយ ដ៏អាក្រក់មួយនេះ គឺលោក Ma Congbo ប្រធានក្រុមហ៊ុន Yurong ដែលជាម្ចាស់ទីតាំង ជីកយករ៉ែនោះ បានសម្រេចបញ្ចប់ជិវិតរបស់ខ្លួន ដោយលោតចូលក្នុងអណ្តូងរ៉ែ កាលពីព្រឹកព្រលឹម ថ្ងៃអាទិត្យម្សិលមិញនេះ ពោលគឺ២ថ្ងៃក្រោយ ពីមានការរអិលបាក់ដី សង្កត់ទីតាំងជីកយករ៉ែដ៏ធំ របស់ខ្លួនរួចមក។

ក្រុមអាជ្ញាធរ បានលើកឡើងថា ពួកគេមិនអាចដឹង អំពីអារម្មណ៍របស់លោក Ma យ៉ាងណានោះទេ ទើបបណ្តាលឲ្យលោក សម្រេចធ្វើអត្តឃាត តែបើផ្អែកលើការសន្និដ្ឋាន មូលហេតុដែលនាំ ឲ្យលោក Ma ធ្វើបែបនេះក៏អាច បណ្តាលមកពីលោកចង់ គេចវេសពីការ ដាក់ពិន័យយ៉ាងតឹងរ៉ឹង របស់ប្រទេស ចិន មកលើរូបលោក ក៏ព្រោះតែកំហុស នៃការខ្ជីខ្ជាមិនយកចិត្តទុកដាក់ ក្នុងនាមលោក ជានិយោជិកក្នុង សហគ្រាសដ៏ធំម្នាក់។

គូសបញ្ជាក់ផងដែរថា ចំពោះហេតុការណ៍ រអិលបាក់ដីនោះ ក្រុមអាជ្ញាធរមិនទាន់ អាចដឹងច្បាស់អំពី មូលហេតុដែលបណ្តាល ឲ្យវាកើតឡើងនៅឡើយនោះទេ តែការសន្និដ្ឋានដំបូង បានបញ្ជាក់ថា វាអាចជាគ្រោះធម្មជាតិ ច្រើនជាង។ តែយ៉ាងណាក៏ដោយ នេះគឺជាគ្រោះអកុសល ដ៏ធ្ងន់ធ្ងរមួយ ដែលជានិច្ចកាល បានកើតឡើងនៅក្នុង ប្រទេសចិន៕

រអិលបាក់ដី សង្កត់ទីតាំង ជីកយករ៉ែម្នាងសិលា នៅចិន រុញច្រានឲ្យ ម្ចាស់ទីតាំង លោតចូលអណ្តូងរ៉ែ បញ្ចប់ជិវិត ខ្លួនឯង
ក្រុមអាជ្ញាធរ ប្រឹងប្រែងជួយសង្រ្កោះ ជនរងគ្រោះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត