អាជ្ញាធរខេត្ត​ព្រះសីហនុ ស្នើសុំ​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ​កុំ​តម្លើងថ្លៃ ក្នុង​ឱ​ការ​ពិធី​អបអរសាទរ បុណ្យ​ឆ្លង​ឆ្នាំ​សកល​

ភ្នំពេញ: ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានស្នើ​សុំ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាជីវកម្ម​ផ្សេងៗ ស្នើ​រក្សា​តម្លៃ​លក់​ឲ្យ​បាន​សមរម្យ និង​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ឲ្យ​បានល្អ​ប្រសើរ ក្នុង​ឱ​ការ​ពិធី​អបអរសាទរ បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៥ ឈានចូល​២០១៦ នៅ​ថ្ងៃទី ២៩-៣០-៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ដែល​រៀប​ឡើង​នៅ​ឆ្នេរ​អូរ​ឈើទាល​។

​សេចក្តីជូនដំណឹង របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្តីពី​ការរៀបចំ​ពិធី​អបអរសាទរ បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៥ ឈានចូល​២០១៦ នៅ​ថ្ងៃទី ២៩-៣០-៣១ ខែ ធ្នូ ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹងថា សាលាខេត្ត​ព្រះសីហនុ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មន្ទីរ​ទេសចរណ៍ និង​សភាពាណិជ្ជកម្ម​ខេត្ត​នឹង​រៀបចំ​ពិធី​អបអរសាទរ បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៥ ឈានចូល​២០១៦ នៅ​ថ្ងៃទី ២៩-៣០-៣១ ខែ ធ្នូ ឆ្នាំ ២០១៥  នៅ​បរិវេណ​រមណីយដ្ឋាន​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​។ ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ នឹង​ការរៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម ការប្រគំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការ​បង្ហោះគោម និង​ការដុត​កាំជ្រួច នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣១ ជានា​ទិ​រាប់​ថយក្រោយ អបអរសាទរ​ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី​២០១៦​។ ការរៀបចំ​ព្រឹត្តិការណ៍​នេះ ក្នុង​គោលបំណង​បង្ហាញ​អំពី​សកម្មភាព ភាព​រីកចម្រើន​និង​ការអភិវឌ្ឍន៍​របស់​ខេត្ត​។​

​ទន្ទឹមនេះ ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព និង​អនាម័យ​បរិស្ថាន សាលាខេត្ត​ព្រះសីហនុ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀ​ទេសចរ​ជាតិ​និង​អន្តរជាតិ ត្រូវ​ចូលរួម​សហការ​ដូចខាងក្រោម​៖ ១)​សូម​បងប្អូន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាជីវកម្ម​ផ្សេងៗ ស្នើ​រក្សា​តម្លៃ​លក់​ឲ្យ​បាន​សមរម្យ និង​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ឲ្យ​បានល្អ​ប្រសើរ​។ ២)​សូមកុំ​បោះចោល​សំរាម​ពាសវាល​ពាសកាល នៅតាម​ដងផ្លូវ ទីសាធារណៈ សួនច្បារ និង​តាម​ឆ្នេរ​ក​ម្សា​ន្យ ដោយ​ត្រូវ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម ។ ៣)​សូម​សហការ​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ជាបន្ទាន់​ទៅកាន់​ប៉ុស្តិ៍នគរបាល​នៅក្បែរ ក្នុងករណី​មានការ​លួច ឆក់ ប្លន់ ក្លែងបន្លំ​និង​សកម្មភាព​ល្មើស​ផ្សេងៗ និង​៤)​ម្ចាស់​អាជីវកម្ម និង​ភ្ញៀវទេសចរ​ធ្វើដំណើរ​ក​ម្សា​ន្យ​តាម​កោះ ត្រូវ​ប្រកាន់ខ្ជាប់​សុវត្ថិ​ភាពជា​ចម្បង ដោយ​ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព ពេលធ្វើ​ដំណើរ​៕​