សម្តេច​ហ៊ុនសែន ប្រកាស​ដាច់​ណាត់ មិន​ស្នើ​លើកលែងទោស​ដល់​លោក​សមរង្ស៊ី​ទេ លើក​នេះ​

ភ្នំពេញ: ដោយ​ថ្លែ​ង​មិន​ចេញ​ឈ្មោះ​ឲ្យ​ចំ តែ​គេ​ដឹង​ច្បាស់​ថា សារ​នយោបាយ​របស់​ស​ម្តេច​ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ​នេះ គឺ​សំដៅលើ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស ដើម្បី​គេចចេញ​ពី​ដីកាចាប់ខ្លួន នាពេលនេះ​។ នោះ​គឺ​សម្តេច​ហ៊ុនសែន បានប្រកាស​ដោយ​ពាក្យសម្តី​ខ្លាំងៗ​ថា លើក​នេះ សម្តេច​នឹងមិន​ចុះហត្ថលេខា​លើ​លិខិត​លើកលែង​ឲ្យ​អ្នកណា​នោះទេ ( លោក​សមរង្ស៊ី ) ហើយ​បើសិនជា មានការ​ចុះហត្ថលេខា​លើកលែងទោស​មែន នោះ​សម្តេច នឹង​សុខចិត្ត កាត់​ដៃ​ចោល​។​

​សម្តេច​ហ៊ុនសែន បានប្រកាស​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ពិធី​នោះ បានធ្វើ​ឡើង នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥។

សម្តេចតេជោហ៊ុនសែន បានផ្ទុះកំហឹងជាថ្មីលើលោកសមរង្ស៊ី ដោយសារតែសម្តេច បានរមឹ្លក​ពីការលើកឡើងរបស់លោកសមរង្ស៊ី ដែលថា សញ្ញាប័ត្រ​របស់និស្សិត បញ្ចប់​ការសិក្សា​ នៅក្នុងស្រុក នៅកម្ពុជា គឺគ្មានតម្លៃនោះទេ៕