ស្រវឹងស្រា​បើករថយន្ត​​រេចង្កូត​បុក​បង្គោល​ភ្លើង

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ស៊េរីទំនើប​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​​លេខ​៦១០ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

​សាក្សី​​​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើត​ហ​តុ ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ PAIERO SPORT ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-1468 ជិះ​ម្នាក់ឯង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​​ក៏​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ចំ​ពីមុខ​ពេញ​ទំហឹង ​បណ្តាល​ឱ្យ​​ទ្រេត​បង្គោល​ភ្លើង​អស់​មួយ​ដើម រីឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ និង​បែក​កង់​ខាងឆ្វេង​ទៅ​មុខ​លែង​រួច ​ហើយ​អ្នកបើកបរ​ព្យាយាម​បើក​ថយ​ក្រោយ​​បម្រុង​រត់គេច​ ​តែ​រថយន្ត​បែក​កង់​ខាងឆ្វេង​ទៅ​​មុខ​លែង​រួច ​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ក រង់​​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕