ប្រឆាំង​ការ​ដោះ​ដូរ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ឧកញ៉ា ហង្ស ស៊ី​ផា វាស់​ពុះ​ដី​ចំណតរថយន្ត​ចែក​ជា​ផ្ទះល្វែង

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​ជំទាស់​ជិត​២​ពាន់​នាក់ បាន​ផ្ដិត​មេដៃ​ប្រឆាំង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ មិន​ឱ្យ​លក់​ចំណតរថយន្ដ​ដែល​សល់​ពី​សម័យ​បារាំង​ទេ ត្រូវ​រក្សា​ទុក​សម្រាប់​ប្រយោជន៍​ក្នុង​ខេត្ត​ដែល​ពួក​គាត់​សំណូមពរ​ថា គួរតែ​អភិវឌ្ឍ​មិន​ត្រូវ​លក់​ទេ ។

ក្រុមហ៊ុន​មនោ​រតៈ​ខន​ស្ដ្រា​ក់សិន​ខូ​អិ​ល​ធី​ឌី របស់​លោក​ឧកញ៉ា ហង្ស សី​ុ​ផា ជាប់​សង្ស័យ​ថា គ្រោង​ផ្លាស់​ប្ដូរ​ទីតាំង​ចំណតរថយន្ដ​ក្រុង​សិរី​សោភ័ណ ដែល​ជា​ចំណត​ពី​សម័យ​បារាំង​យក​ទៅ​ដាក់​នៅ​ព្រៃ​ខ្មោច​ក្បែរ​វត្ត ស្រុក​មង្គល​បូ​រី មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ពី​បេនឡាន​ចាស់ ។ មិន​ទាន់​បាន​ដោះ​ដូរ​ជា​ស្ថាពរ​ផង មាន​ព័ត៌មាន​ថា ឧកញ៉ា ហង្ស សី​ុ​ផា បន្ទាប់​ពី​ចុះ​វាស់វែង​រួច បាន​ផ្សព្វផ្សាយ​លក់​ដី​ចំណតរថយន្ដ​ក្រុង​ទំហំ​៧.២០០​ម៉ែត្រការ៉េ អង្កន់​ដី​ឡូ​តិ៍លក់​ដែល​មាន​ទទឹង​៤​ម៉ែត្រ បណ្ដោយ​១៦​ម៉ែត្រ ល្វែង​កាច់ជ្រុង​តម្លៃ​ពី​១៣​ទៅ​១៥​ម៉ឺន​ដុល្លារ ល្វែង​កណ្ដាល​តម្លៃ​ពី​៨​ទៅ​១០​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​អ្នកផ្សារ​សិរី​សោ​ភ័​ណ្ឌ​កំពុង​ពេបជ្រាយ និង​ហួសចិត្ត​គ្រប់​គ្នា ។

ការ​ដូរ​ចំណតរថយន្ត ហើយ​អង្កន់​ជា​ដី​ល្វែង​លក់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​ជិត​២.០០០​នាក់ ប្រឆាំង​តវ៉ា​ដាច់ខាត​មិន​ឱ្យ​ដោះ​ដូរ​ទេ ។ ប្រ​សិន​បាន​ដោះ​ដូរ​សម្រេច​មែន ចំណត​ថ្មី​ត្រូវ​យក​ទៅ​ដាក់​នៅ​ព្រៃ​ខ្មោច​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​និង​អ្នក​រត់​តាក់ស៊ី​ត្អួ​ញ​ត្អែ​ថា ប៉ះពាល់​ជីវភាព​រស់នៅ​ក្នុង​ការ​រកស៊ី​ទទួលទាន​ប្រចាំ​ថ្ងៃ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​ដំណើរ​ចូល​ក្រុង​ទៅ​មក ។

ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​តាក់ស៊ី​នាំ​គ្នា​ផ្ដិត​មេដៃ​ប្រឆាំង​តវ៉ា​លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត និង​ក្រុមហ៊ុន​មនោ​រតៈ​ខន​ស្ដ្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​របស់​លោក​ឧកញ៉ា ហង្ស ស៊ី​ផា មិន​យល់ព្រម​ឱ្យ​ដោះ​ដូរ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​ឡើយ ។

តំណាង​ក្រុមហ៊ុន​ចាស់​ដែល​ម៉ៅ​ការ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​ច្បាប់​វិនិយោគ​រយៈពេល​២០​ឆ្នាំ គិត​ពី​ឆ្នាំ​២០០៨​រហូត​ដល់​ឆ្នាំ​២០២៧​ទើប​ចប់​កិច្ចសន្យា របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​វិនិយោគ​ចាស់ ។ បើ​ចង់​ដោះ​ដូរ​ត្រូវ​តែ​ឱ្យ​ចប់​អាណត្តិ​នៃ​កិច្ចសន្យា​សិន ទើប​អ្នក​វិនិយោគ​ប្រគល់​ជូន​រដ្ឋ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ ។ ប៉ុន្តែ​ការ​ដោះ​ដូរ​នៅ​ពេល​នេះ ប្រ​សិន​បាន​សម្រេច​មែន សង្ស័យ​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ ឬ​ការ​ឃុបឃិត​គ្នា​ធំធេង​ណាស់ ។

ចំណែក​ឧកញ៉ា ហង្ស ស៊ី​ផា ដែល​គេ​សង្ស័យ​ថា ជា​អ្នក​បាន​ទទួល​ការ​ដោះ​ដូរ​ចំណត និង​ទីតាំង​មួយទៀត បាន​បដិសេធ​ថា លោក​ឥត​មានការ​ពាក់ព័ន្ធ​ទេ ។ សង្ស័យ​ថា ជា​រឿង​រលាស់​ខ្លួន​ចេញពី​ការ​ទទួលខុសត្រូវ​ហើយ​មើលទៅ ។ ដរាបណា​មាន​ព័ត៌មាន​ប្លែក​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕