លោម៉ៅ ធនិន ហាម​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​លក់​ដី​អាស្រ័យ​ផល​ ដែលខេត្ត​ចែក​ជូន​នៅ​ទំនប់​ទី៣-ទី៥

ខេត្ត​ពោធិ៍​សាត់ ៖ ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ទំនប់​ស្ទាក់​ទឹក​ទី​៣ និង​ទី​៥ ចំនួន​១៧៤​គ្រួសារ លើ​១៨៥​គ្រួសារ​ គប្បី​ប្រើ​ប្រាស់​ដី​ ដែល​ខេត្ត​ចែក​ជូន​ឱ្យ​​អស់​លទ្ធភាព​ ក្នុង​ការ​អាស្រ័យ​ផល​ ហាម​លក់ដូរ​ ។​

នេះ​ជា​ការ​លើក​ឡើងរបស់​លោក​ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ ក្នុង​ពិធី​បែងចែក និង​ចាប់ឆ្នោត​ទទួលយក​ដី​អាស្រ័យ​ផល (​ដី​កសិកម្ម​) ជូន​ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ លើ​១៨៥​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ទំនប់​ស្ទាក់​ទឹក​ទី​៣ និង​ទី​៥ នៅ​ចំណុច​ខ្សាំ​ង​ភូមិ​​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ​ កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ កន្លង​មកនេះ​ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត សហការ​ជាមួយ​អន្តរ​ក្រសួង​ ។

លោក​វិស្វករ ចេ​ង ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់​បាន​ឱ្យ​​ដឹង​ថា​ ប្រជា​ពល​រដ្ឋ​ចំនួន​១៧៤​គ្រួសារ លើ​១៨៥​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ស្ថាបនា​ទំនប់​ស្ទាក់​ទឹក​ទី​៣​-ទី​៥ ​នៅ​ស្រុក​ភ្នំក្រវាញ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត សហការ​ជាមួយ​អន្តរក្រសួង ធ្វើការ​បែងចែក និងចាប់ឆ្នោត​ទទួលយក​ដី​កសិកម្មសរុប​ចំនួន​៥២២​ហិ​កតា បន្ទាប់​ពី​ទទួល​បាន​ដី​សង់​លំនៅ​ដ្ឋា​ន​រួច​មក​ហើយ ។ លោក​វិស្វករ​ក៏​បាន​បង្ហាញ​ពី​នីតិវិធី​នៃ​ការ​បែងចែក និង​ចាប់ឆ្នោត​នា​ពេល​នេះ ទៅ​ដល់​តំណាង​ក្រុម​នីមួយ​ៗ និង​តំណាង​គ្រួសារ​នីមួយ​ៗ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​បែងចែក និង​ចាប់ឆ្នោត​មាន​ភាព​រលូន ទើប​ឈាន​ទៅ​ធ្វើការ​វាស់វែង និង​រៀបចំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន ។

លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​មាន​ប្រសា​ស៍​ថា ​ការ​បែងចែក និង​ចាប់ឆ្នោត​ទទួលយក​ដីកសិកម្ម​នា​ពេល​នេះ គឺជា​ការ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ប្រកបដោយ​គតិបណ្ឌិតរបស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​រស់នៅ​មិន​អាច​ឲ្យ​បងប្អូន​រស់​នៅ​ត្រង់នេះ​មួយ​ដុំ ត្រង់នោះ​មួយ​ដុំ​បាន​ទេ គឺ​បងប្អូន​ត្រូវ​រស់នៅ​ជា​លក្ខណ​:​ប្រមូលផ្តុំ ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​រៀបចំ​ជា​ភូមិករ ផ្លូវ សាលារៀន មណ្ឌល​សុខភាព ជូន​កូនចៅ​យើងឱ្យ​​បាន​សិក្សា​រៀនសូត្រ​សមរម្យ ។ លោក​បាន​សំណូមពរ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​​រង​ផល​ប៉ះពាល់​ទំនប់​ស្ទាក់​ទឹក​ទី​៣ និង​ទី​៥ ចំនួន​១៧៤​គ្រួសារ ​គប្បី​ប្រើប្រាស់​ដី​កសិកម្ម​នេះ​​ឱ្យ​​អស់​លទ្ធភាព ហាម​លក់ដូរ ព្រោះ​ជា​ការ​គិតគូរ​ និង​យកចិត្តទុកដាក់​របស់​សម្តេច​ដែល​បាន​ចែក​ជូន ។

បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ ដោយ​អបអរសាទរ និង​យល់ព្រម​ទទួលយក ព្រមទាំង​បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​លោក​អភិបាលខេត្ត ដែល​បាន​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនប់​ស្ទាក់​ទឹក​ទី​៣ និង​ទី​៥ ស្ថិត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ អាច​ស្តុក​ទឹកបាន​ជាង​៥០​លាន​ម៉ែត្រគូប សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​នៅ​ស្រុក​ភ្នំក្រវាញ​ និង​មួយ​ចំនួន​ចែករំលែក​ទៅ​ស្រុក​បាកាន​ ។