Wenger ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ជឿ​លើ​កីឡាករ និង​រូប​លោក


Wenger ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ជឿ​លើ​កីឡាករ និង​រូប​លោក

លោក Arsene Wenger បាន​ទទូច​សុំ​ឲ្យ​អ្នក​គាំទ្រ​ជឿជាក់​លើ​រូប​លោក និង​កីឡាករក្នុង​ក្រុម​ទាំងអស់ បើ​ទោះ​ជា Arsenal រង​លទ្ធផល​ខក​ចិត្ត​ក្រោយ​ចាញ់ Southampton យ៉ាង​ចាស់​ដៃ​ក៏​ដោយ។

 

Arsenal បាន​ខកខាន​ក្នុង​ការ​ឡើង​ទៅ​កាន់​កំពូល​តារាង Premier League ក្រោយចាញ់​ម្ចាស់ផ្ទះ Southampton ០-៤ នៅ​ការ​ប្រកួតថ្ងៃ​ Boxing Day តែ​លោក Wenger សន្យា​ថា​នឹង​សង​ជំងឺ​ចិត្ត​ដល់​អ្នក​គាំទ្ររបស់​ខ្លួន​វិញ​នៅ​ការប្រកួត​ទល់​នឹង Bournemouth យប់​នេះ។

 

Wenger ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ជឿ​លើ​កីឡាករ និង​រូប​លោក

 

គ្រូ​បង្វឹក​ចាស់​វស្សា​ដែល​ដឹកនាំ Arsenal ជាង​២០​ឆ្នាំ​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​កីឡាករ​របស់​លោក​ថា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​ជើងឯក ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ក្នុង​រដូវកាល​នេះ។

 

ថ្លែង​ក្រោយ​បរាជ័យ​ទល់​នឹង Southampton លោក Wenger បាន​និយាយ​ថា៖ “កីឡាករ​ទាំងអស់​មាន​ការតាំង​ចិត្ត​ខ្ពស់ ហើយ​យើង​នឹង​ឆ្លើយ​តប​ដល់​អ្នក​រាល់​គ្នា​វិញ​នៅ​រយៈ​ពេល​៤៨ម៉ោង​ក្រោយ (ការ​ប្រកួត​ទល់​នឹង Bournemouth)។ ជា​ការ​ពិត! គ្មាន​កិច្ចការ​អ្វី​ដែល​មិន​ធ្លាប់​រង​ការ​ខកចិត្ត​នោះ​ទេ សូម្បី​តែ​កីឡាករ​កំពូល​របស់ ពិភពលោក​ក៏​ជួប​រឿង​ទាំង​នេះ​ដូច​គ្នា តែ​អ្វី​ដែល​សំខាន់ ពេល​ដែល​អ្នក​ធ្លាក់​ចុះ អ្នក​ត្រូវ​ដឹង​ពី​របៀប​​ក្រោកឡើង​វិញ”។

 

ស្រប​ពេល​ដែល Arsenal មាន​កីឡាករ​មួយ​ចំនួន​ដូចជា៖ Jack Wilshere, Santi Cazorla, Tomas RosickyនិងMikel Arteta កំពុង​ជួប​បញ្ហា​របួស អ្នកគាំទ្រ​ចង់​ឲ្យ​លោក Wenger ចាយ​លុយ​ទិញ កីឡាករ​នៅ​ខែ​ក្រោយ​ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​កាន់​តែ​ប្រសើរ​ដើម្បី​ប្រជែង​ជើងឯក៕

 

ចុចអាន៖ អ្នក​វិភាគ៖​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun