ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​យួន នៅ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី អាច​ប្រឈម​បញ្ហា​ស្មុគស្មាញ​

កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​យួន ង្វៀង តិ​ន​យុង បានប្រកាស​អំពី​ការ​ជម្រុញ​ឲ្យ​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​២​ឲ្យ​បាន​ចប់សព្វគ្រប់​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ឈានទៅ​កំណត់ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​២​បន្តទៀត​។ ការអះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​យួន បាន​ធ្វើឡើង​នៅក្នុង​សុន្ទរកថា​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០​និង​កំណាត់​ផ្លូវជាតិ​ប្រវែង​៤៥០​ម៉ែត្រ ចន្លោះ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ រហូតដល់​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ឡេ​ថា​ញ់ ខេត្ត​យ៉ា​ឡាយ ប្រទេស​យួន​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​បាន​មើលឃើញថា ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​យួន នៅ​ខេត្តរតនគិរី និង​មណ្ឌលគិរី អាចមាន​បញ្ហា​ស្មុគស្មាញ​ព្រោះ​តំបន់​ខ្លះ​នៅមាន​ភាព​ប្រទាំង​ប្រទើស​រវាង​ភាគី​ទាំងពីរ​នៅឡើយ​។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​វៀតណាម​និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​បោះបង្គោល​ព្រំដែន​គោក​ឲ្យ​ចប់​រួចរាល់​នៅ​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ភាគី​វៀតណាម​បានអូសបន្លាយ​បញ្ហា​ព្រំដែន​ជា​បន្តទៀត ជាពិសេស​ចំណុច​ប្រទាញប្រទង់​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ខេត្តមណ្ឌលគិរី ជាប់​នឹង​ខេត្ត​ដាក់​ឡាក់ ទំហំ​ជាង​៥០​គីឡូម៉ែត្រ​។ លោក សុន ឆ័យ គ្មាន​ជំនឿ​ថា បញ្ហា​បោះបង្គោល​ព្រំដែន​អាច​នឹង​បញ្ចប់​បាន​ប្រសិនបើ​គ្មាន​ជំនួយ​ប​ចេ្ច​ក​ទេស​ពី​អន្តរជាតិ​នោះទេ ហើយ​ថា​ចាំបាច់​ត្រូវតែមាន​ការរៀបចំ​ជំនាញ​បោះបង្គោល​ឲ្យ​មាន​តម្លាភាព​និង​មិនអាច​បង្ខំ​បានទេ​។ អ្នកសង្កេតការណ៍​ឯករាជ្យ​យល់ស្រប​តាម​ទស្សនៈ​របស់លោក សុន ឆ័យ ហើយ​ថា​ការបោះបង្គោល​ព្រំដែន​គួរ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព​។

សូមបញ្ជាក់ថា ព្រំដែន​គោក​រវាង​កម្ពុជា​-​យួន មាន​ប្រវែង​១២៧០​គីឡូម៉ែត្រ ហើយ​ចាប់ពី​ឆ្នាំ​២០០៦​រហូត​បច្ចុប្បន្ន​ភាគី​ទាំងពីរ​បោះបង្គោល​ព្រំដែន​បាន​ជាង​៨៣​ភាគរយ ពោលគឺ​បាន​ឯកភាពគ្នា​បោះ​បាន​៣១១​បង្គោល ដោយឡែក​ព្រំ​ដែនទឹក​ដែលមាន​ប្រវែង​២៥០០​គីឡូម៉ែត្រ មិនទាន់មាន​ការកំណត់​វាស់វែង​នៅឡើយ​។ តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ខេត្តរតនគិរី បាន​បង្ហាញថា​ចាប់ពី​បង្គោល​ព្រំដែន​លេខ​៣១​រហូតដល់​បង្គោល​ព្រំដែន​លេខ​៣៩ នៅមាន​ភាព​ប្រទាញប្រទង់​គ្នា​មិនទាន់​ឯកភាព​បោះតម្រុយ​បង្គោល​ព្រំដែន​នៅឡើយ​ទេ​។ ចំណែក​តំបន់​ព្រំដែន​ចំណុច​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក៏មាន​បញ្ហា​ស្មុគស្មាញ​ដែរ ដូច្នេះ​ភាគី​កម្ពុជា​គួរ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ព្រោះ​ភាគី​យួន​មិនដែល​លះបង់​មហិច្ឆតា​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឡើយ​៕

e348eca9-ebe9-4731-9eaa-8fca6bdd801c