ដើមឈើ​ធំៗ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​

លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​នេះ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ បញ្ហា​នេះហើយ​ដែល​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​សម្ដែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​មហន្តរាយ​ព្រៃឈើ​ដែល​នៅតែ​កើតមាន​ឥតឈប់ឈរ ហើយ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​យួន​កំពុង​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ឲ្យ​វិនាស​សាបសូន្យ​។ សូម្បីតែ​ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ​ព្រះ​រកា លាតសន្ធឹង​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដែរ​។

សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ដើមឈើ​ធំៗ​ក្នុង​សហគមន៍​ព្រៃ​ព្រះ​រកា ដែល​ជាដើម​ច្បោះ​ជ័រ​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​ធំៗ អ្នកមាន​លុយ និង​អ្នកមានអំណាច​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អះអាងថា ព្រៃ​ព្រះ​រកា​ដែលមាន​ទំហំ​៩៦០០០​ហិកតា លាតសន្ធឹង​លើ​ភូមិសាស្ត្រ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ដែលមាន​ដើមឈើ​ធំៗ​សម្រាប់​ប្រជាពលរដ្ឋ​ពឹង​ផ្អែកលើ​អនុផល និង​ដង​ជ័រទឹក​ជាដើម​កំពុង​ត្រូវ​ក្រុម​ជនល្មើស​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។

កន្លងមក​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត តែងតែ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ដោយ​ខ្លួនឯង ព្រោះ​គ្មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ដោយហេតុថា អ្នកប្រព្រឹត្ត​បទល្មើស​កាប់​ឈើ​ធំៗ​ក្នុងព្រៃ​ព្រះ​រកា ជា​ឈ្មួញ​មានអំណាច មាន​លុយ ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ ទើប​គេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវគេ​រិះគន់ថា គឺជា​អ្នក​ឃុបឃិត​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​៕

8cddd6d7-d1ca-4753-b3f5-b1c205bb7b11 logging1-620