ចិន អនុម័ត ច្បាប់ប្រឆាំង ភេរវកម្ម ជាលើកដំបូង

ប៉េកាំង៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បានអនុម័តច្បាប់ ប្រឆាំងនឹងអំពើ ភេរវកម្មជាលើក ទី១ សម្រាប់ប្រទេសជាតិ។ ច្បាប់ថ្មីនេះ ត្រូវបានអនុម័ត កាលពីរសៀល ថ្ងៃអាទិត្យ ម្សិលមិញនេះ ជាមួយនឹងសំឡេង គាំទ្រ ដ៏ច្រើនលើសលប់ នៅក្នុងពេលកិច្ចប្រជុំ ដំណាច់ខែ ដើម្បីឆ្លងចូលឆ្នាំ ២០១៦ ខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែធ្នូឆ្នាំ ២០១៥ នេះទៀតថា ច្បាប់ប្រឆាំងភេរវកម្ម ថ្មី របស់ចិន បានបន្ថែមនូវអត្ថន័យ មួយចំនួនទៀត ពាក់ព័ន្ធទៅនឹង ប្រភេទនៃអំពើភេរវកម្ម ដែលអាជ្ញាធរត្រូវ ចាត់ ចូលជាបទឧក្រិដ្ឋ និង ចាត់វិធានការតាមច្បាប់ ដ៏តឹងរឹង ប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ ដែលបានកំណត់ ដោយច្បាប់។

គួរបញ្ជាក់ថា ព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម អាជ្ញាធរចិនបានកំណត់ឲ្យ តែសារព័ត៌មានរដ្ឋមួយ ប៉ុណ្ណោះ ជាអ្នកចេញផ្សាយ ព័ត៌មាននានា ដើម្បីចៀសវាងការភ័ន្ត ច្រឡំអំពីស្ថានការណ៍ និង ធ្វើឲ្យសន្តិសុខមាន ការប៉ះពាល់។ ដោយឡែក ប្រជាជនទូទៅ ក៏ នឹងទទួលបានការអប់រំ អំពីច្បាប់ប្រឆាំងអំពើភេរវកម្ម ដើម្បីលើកស្ទួយ ការយល់ដឹងក្នុងសង្គម និង សន្តិសុខជាតិជាចម្បង៕

ចិន អនុម័ត ច្បាប់ប្រឆាំង ភេរវកម្ម ជាលើកដំបូង