សម្តេច​ហ៊ុនសែន ប្រកាសថា ប្រធាន​គណបក្ស ប្រធានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​ប្រធាន​តុលាការ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ច្រើន​ជំនាន់ បានប្រកាសថា វប្បធម៌​សន្ទនា ដែល​ទើបតែ​បង្កើតឡើង​ជាថ្មី នៅពេលនេះ នឹងត្រូវ​កំណត់​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ​។ ច្បាប់​គណបក្សនយោបាយ​នោះ ពេលនេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​កែប្រែ​។ ក្នុងនោះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា ប្រធាន​គណបក្សនយោបាយ ប្រធានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​ប្រធាន​តុលាការ និង​ស្ថាប័ន​កំពូលៗ​មួយចំនួនទៀត ក៏ត្រូវ​តែមាន​សញ្ជាតិ​ខ្មែរ​តែមួយ ផងដែរ​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សម្តេច​ហ៊ុនសែន បានប្រកាសថា យើង​បានកំណត់​ក្នុង​ច្បាប់​រួចហើយ​ថា ប្រធាន​គជប ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ ដូច្នេះ យើង​ត្រូវ​កំណត់​ក្នុង​ច្បាប់​ថា ប្រធាន​គណបក្សនយោបាយ ត្រូវតែមាន​សញ្ជាតិ​ខ្មែរ​តែមួយ ដើម្បី​កុំ​ឲ្យ​មានរឿង​អី រត់​បាត់​។

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា ប្រធានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​ប្រធាន​តុលាការ​កំពូល ប្រធាន​តុលាការ​ឧទ្ធរណ៍ ប្រធាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ អគ្គព្រះរាជអាជ្ញា ត្រូវតែមាន​សញ្ជាតិ​ខ្មែរ​តែមួយ ផងដែរ​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​លើកឡើង​ដែរ​ថា វប្បធម៌​សន្ទនា ក៏ត្រូវ​ដាក់ចូល​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ​ផងដែរ ដើម្បី​កុំ​ឲ្យ​មានការ​ជេរប្រមាថ ហើយ​ត្រូវ​កំណត់​ឲ្យ​ជាប់ទោស ដោយ​មិន​គ្រាន់តែ​គិត​ត្រឹម​រយៈពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះទេ​៕​