​ផ្ទុះ​ការទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន បញ្ឈប់​ការវិនិយោគ​ផ្លូវជាតិ​លេខ​៤

​រាជធានី​ភ្នំពេញ​៖​នៅក្នុង Facebbok សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​Sandech Hun sen, Cambodia Prime Minister រួមទាំង​ការចូលរួម​មតិ​នៅក្នុង​បណ្តាញ​វិទ្យុ ABC រួមទាំង​វិទ្យុ​មួយចំនួនទៀត អ្នក​ដែល Comment ចូល​និង​អ្នក​ដែល​រួម​មតិ​សុទ្ធតែ​បានទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ឲ្យ​បញ្ឈប់​ការវិនិយោគ​ផ្លូវជាតិ​លេខ​៤ ដែល​ស្ថាបនា​ដោយ​សហរដ្ឋអាមេរិក ទៅ​ឲ្យ​ក្រុមហ៊ុន AZ របស់លោក​ឧកញ៉ា អឹង ប៊ុន​ហ៊ូ​វ ដោយសារតែ​ការវិនិយោគ​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​និង​ធ្វើ ឲ្យ​រាជរដ្ឋាភិបាល​បាត់បង់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។  

​    ​ការទាមទារ ខាងលើ​នោះ​ត្រូវបាន​គេ​មើលឃើញថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បញ្ឈប់​ការវិនិយោគ​ផ្លូវ​វ៉េងស្រេង ហើយ​ទិញយក​ផ្លូវ​នេះ​ពី​ក្រុមហ៊ុន​វិញ រួមទាំង​បញ្ឈប់​ការយក​លុយ​តាម​ដងផ្លូវ​ផងដែរ ។ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បញ្ឈប់​ការវិនិយោគ​លើផ្លូវ វ៉េងស្រេង ទទួល​បានការ​សាទរ​និង​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ទូទៅ សំខាន់​ទាំង​អ្នកគាំទ្រ CPP និង អ្នកគាំទ្រ CNRP ។  

​    ​ប្រជាពលរដ្ឋ បាន​លើកឡើងថា គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ដកហូតយក​ផ្លូវ​វ៉េងស្រេង​មកវិញ គឺជា​គោលនយោបាយ​ត្រឹមត្រូវ​និង​ស្របតាម​ចំណង់​ចំណូលចិត្ត​និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ខណដែល​ការវិនិយោគ​ឲ្យ​ក្រុមហ៊ុន​យកលុយ​តាមផ្លូវ​កន្លងមកនេះ​បាន​បង្ក​ភាព អសកម្ម​និង​ជៈ​ឥទ្ធិពល​មិនល្អ​ដល់​រាជរដ្ឋាភិបាល ព្រោះ​ផ្លូវ​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​យកលុយ គឺជា​ផ្លូវ​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​បណ្តា​ប្រទេស​ផ្តល់ជំនួយ​បាន​ស្ថាបនា រួចរាល់​អស់ហើយ ហើយ​ក្រុមហ៊ុន​គ្រាន់តែ​វិនិយោគ​ដោយ​ធ្វើ​បញ្ជរ ឬ ប៉ុស្តិ៍​ចាំតែ​យកលុយ​ស្រួលៗ ប៉ុណ្ណោះ ករណី​ដូចជា ក្រុមហ៊ុន AZ ដែល​វិនិយោគ​លើផ្លូវ​ជាតិ​លេខ​៤​ជាដើម ។  

​    ​តាម ការ​ស្រង់​មតិ​ពី​ប្រជាពលរដ្ឋ​ដែល Comment ចូល​ផេ​ក​របស់​សម្តេច ហ៊ុន សែន និង​ចូលរួម​មតិ​តាម​វិទ្យុ​មួយចំនួន ប្រជាពលរដ្ឋ​សុទ្ធតែ​លើកឡើងថា រាជរដ្ឋាភិបាល​និង​ទទួលបាន​ការគាំទ្រ​ឡើងវិញ ប្រសិនបើ​បញ្ឈប់​ការវិនិយោគ​ឲ្យ​ក្រុមហ៊ុន​បន្ត​យកលុយ​តាមផ្លូវ​សា​ធា​រណះ ដូចជា តាមផ្លូវ​វ៉េងស្រេង​និង​ផ្លូវជាតិ​លេខ​៤ ជាដើម ហើយ​គេ​រំពឹងថា គណបក្សកាន់អំណាច​នឹង​កើន​សន្លឹកឆ្នោត​នា​អណ​ត្តិ​ក្រោយ​មិន​ខាន​។  

​    ​យ៉ាងណាក៏ដោយ មតិ​ខាងលើនេះ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​ផ្សេងទៀត ផងដែរ ខណដែល​ម្នាក់ៗ សុទ្ធតែ​បានដឹងថា ការយក​ផ្លូវ​សា​ធា​រណះ​ដែល​រដ្ឋ​បាន​ស្ថាបនា​រួចហើយ ហើយ​យកទៅ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​គឺជា​ការខាតបង់​ទាំង​ថវិកា ទាំង​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច ។ 

​    ​ទន្ទឹម នោះ​ក៏មាន​ការវាយតំ​លៃ​ថា សន្លឹកឆ្នោត​គណបក្សកាន់អំណាច អាណត្តិ​មុន​ដែល​បាន​បាត់បង់​មួយចំនួនធំ​ក៏​ដោយសារ​ការវិនិយោគ​ផ្លូវ​ឲ្យ ក្រុមហ៊ុន​យកលុយ​តាម​អំពើ​ចិត្ត នៅពេលដែល​ក្រុមហ៊ុន​គ្រាន់តែ​បាន​ចំណាយ​ដើមទុន​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ដូច្នេះ​ពួកគាត់​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការវិនិយោគ​បែប​នោះ ជាបន្ទាន់​សំខាន់​ការវិនិយោគ​ផ្លូវជាតិ​លេខ​៤ របស់​ក្រុមហ៊ុន AZ ៕ 

​ផ្ទុះ​ការទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន បញ្ឈប់​ការវិនិយោគ​ផ្លូវជាតិ​លេខ​៤