សុខ ចាន់​រស្មី សង្ឃឹម​ក្រុម Cam-Tiger កាន់​តែ​រឹង​មាំ​​រដូវ​កាល​ថ្មី

សុខ ចាន់​រស្មី សង្ឃឹម​ក្រុម Cam-Tiger កាន់​តែ​រឹង​មាំ​​រដូវ​កាល​ថ្មី

ជា​ខ្សែ​បម្រើ​ក្រុម Cambodian Tiger FC សុខ ចាន់រស្មី បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​បាល់​ទាត់​ចំណូល​ថ្មី​មួយ​នេះ នឹង​កាន់​តែ​រឹង​មាំ​ខ្លាំង​ឡើង​ក្នុង​លីក​កំពូល​កម្ពុជា​​ឆ្នាំ ​២០១៦ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ។

 

សុខ ចាន់​រស្មី សង្ឃឹម​ក្រុម Cam-Tiger កាន់​តែ​រឹង​មាំ​​រដូវ​កាល​ថ្មី
កីឡាករ សុខ ចាន់​រស្មី ក្នុង​ជំនួប​ជា​មួយ​ក្រុម​ភ្នំពេញ​ក្រោន

 

ខ្សែ​បម្រើ​ពាក់​អាវ​លេខ៧ របស់​ក្លឹប Cambodian Tiger FC សុខ ចាន់រស្មី បាន​បង្ហាញ​អារម្មណ៍​ថា រូប​គេ​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​ឃើញ​ក្លឹប​របស់​ខ្លួន​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ រដូវ​កាល​នេះ ព្រោះ​ទើប​ប្ដូរ​ឈ្មោះ​មក​ពី Tri Asia មួយ​រដូវ​កាល​​ប៉ុណ្ណោះ។ ចំពោះ​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នា​​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ រស្មី សង្ឃឹម​ថា ​ក្រុម Cambodian Tiger FC នឹង​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​មុន ព្រោះ​ទើប​ចុះ​កុង​ត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​មក​ពី J3 League ជប៉ុន និង​មាន​គម្រោង​នាំ​យក​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត​មក​ពង្រឹង​ក្រុម។

 

កីឡាករ​ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្រុម​ទីម័រខាងកើត ៣​គ្រាប់​ម្នាក់​ឯង​ កាល​ឆ្នាំ​ ២០១៤ បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ឆ្នាំ​ក្រោយ Cambodian Tiger រឹង​មាំ​ជាង​ឆ្នាំ​នេះ ព្រោះ​នាំ​យក​កីឡាករ​ល្អ​ៗ​មក​ពី​ក្រៅ​ច្រើន ហើយ​មាន​កីឡាករ​ខ្មែរ​មួយ​ចំនួន​ទៀត សុទ្ធតែ​មាន​សមត្ថភាព​លើ​ទីលាន។ ខ្ញុំ​មិន​ទាន់​សង្ឃឹម​រឿង​លើក​ពាន​ទេ ព្រោះ​ក្រុម​គេ​សុទ្ធតែ​ខ្លាំង​ដែរ តែ​បើ​ត្រឹម Top4 ប្រាកដ​ជា​អាច»។

 

ក្រុម Cambodian Tiger ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ នៃ​ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា។ ក្រុម​ចំណូល​ថ្មី​នេះ ទើប​​ប្រកាស​រួម​បញ្ចូល​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ហើយ​ក៏​មាន​គម្រោង​នាំ​យក​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ផង​ដែរ។ ចំណែក​កីឡាករ សុខ ចាន់​រស្មី ទើប​​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម Cambodian Tiger FC រហូត​ដល់ចប់​​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦៕

 

សុខ ចាន់​រស្មី សង្ឃឹម​ក្រុម Cam-Tiger កាន់​តែ​រឹង​មាំ​​រដូវ​កាល​ថ្មី

កីឡាករ​ សុខ ចាន់រស្មី (អាវ​ក្រហម) ពេល​កំពុង​ហ្វឹក​ហាត់​ក្នុង​ក្រុម MFCL-All Stars 

 

 

 

អត្ថបទ៖ គង់ វិសាល