នាយករដ្ឋមន្រ្តី កម្ពុជា៖ ប្រធានគណបក្ស នយោបាយនិង ប្រធានស្ថាប័នរដ្ឋ ផ្សេងៗទៀតត្រូវតែ មានសញ្ជាតិខ្មែរ តែមួយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ថា ប្រធានគណបក្ស នយោបាយនៅស្រុកខ្មែរ និងប្រធានស្ថាប័នរដ្ឋ ផ្សេងៗទៀត ត្រូវតែមានសញ្ជាតិមួយ យ៉ាងពិត ប្រាកដ គឺសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី២៨ ធ្នូ ថា “ច្បាប់បក្សនយោបាយ នាពេល ខាងមុខ អាចនឹងត្រូវកំណត់ និងជូនជាព័ត៌មានខាងគណបក្សប្រជាជនកម្ពុជា ជូនជាព័ត៌មានកំពុងគិតគូរ ដោយ សារយើងមានច្បាប់មួយ រួចទៅហើយ ប្រធាន និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត  ត្រូវតែ មានសញ្ជាតិខ្មែរតែមួយ  ក្នុងនោះ គណបក្សនយោបាយ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានតុលាការ អគ្គមេបញ្ជាការ តុលាការកំពូល រួមទាំងអគ្គសវនករ ប្រធានក្រុមប្រឹក្សាប្រឆាំង អំពើពុករលួយប្រធាន ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ”។

សម្តេចបន្តថា “ដូច្នេះនាពេលខាងមុខច្បាប់ ស្តីពីបក្សនយោបាយ ចាំបាច់ត្រូវកំណត់ ប្រធានបក្សនយោបាយ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ ដើម្បីជៀសវាងកុំឲ្យមាន រឿងអីកាន់ប៉ាស្ព័ររត់ ហើយពឹងបរទេសមកអន្តរាគមន៍ ។ យើងពិនិត្យមើលបើគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនិងសមាជិក គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរតែមួយហើយ ប្រធានបក្សវាត្រូវតែមាន ចឹងត្រូវរៀបចំ” ។

សម្តេចបានលើកឡើង ដោយមិនបញ្ចេញឈ្មោះថា អាងមានប៉ាស្ព័រពីរ មានរឿងអីរត់។
នាយករដ្ឋមន្រ្តី បន្ថែមថា បើបក្សណាមិនសម្រេចក៏អត់មានបញ្ហាដែរ ព្រោះគណបក្សប្រជាជនកម្ពុជាមាន សមាជិកគ្រប់គ្រាន់សម្រាប់ធ្វើការ សម្រេចចិត្តនិងចងក្រងហើយ។

សម្តេចថា យ៉ាងយូរនៅចុងឆ្នាំក្រោយឆ្នាំ២០១៦នឹងលេចចេញជារូបរាង។

សម្តេចតេជោ បន្តទៀត បើប្រធានគណបក្សនយោបាយ ណាមួយមានសញ្ជាតិពីរត្រូវតែ លាសញ្ជាតិមួយទៀតចោល ដើម្បីបម្រើប្រទេស។
ទោះបីជាសម្តេចមិនសំដៅចំឈ្មោះប្រធានគណបក្ស ណាមួយក៏ដោយ ប៉ុន្តែគ្រប់គ្នាច្បាស់ជាដឹងរូចជាស្រេចហើយ ព្រោះជាធម្មតាឲ្យមានតែបញ្ហាកើតឡើង គឺលោកសម រង្ស៊ី តែតែងធ្វើដំណើរទៅបរទេសជាប្រចាំ ហើយនេះ ក៏ជាទំលាប់របស់ប្រធានគណបក្សប្រឆាំងនៅកម្ពុជាផងដែរ៕

នាយករដ្ឋមន្រ្តី កម្ពុជា៖ ប្រធានគណបក្ស នយោបាយនិង ប្រធានស្ថាប័នរដ្ឋ ផ្សេងៗទៀតត្រូវតែ មានសញ្ជាតិខ្មែរ តែមួយ