តុលាការដំបូង បញ្ចប់ការសាកសួរ លោកជួង ជូងី មេធាវី តំណាងរាស្រ្ត បក្សប្រឆាំង ទាំង២រូប

ភ្នំពេញ៖ លោកមេធាវី ជួង ជូងី មេធាវីតំណាងរាស្រ្តបក្សប្រឆាំង ទាំង២រូប ដែលរងការវាយដំ បានចូលទៅបំភ្លឺ ក្នុងតុលាការ សាលាដំបូងជំនួស កូនក្តីរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី២៨ធ្នូ ឆ្នាំ ២០១៥នេះ  ។

មេធាវីការពារក្តី លោក ញ៉យ ចំរើន និងលោក គង់ សភា លោកជួង ជូងី ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា  តំណាងរាស្រ្តទាំង ២ កំពុងបំពេញការងារ នៅក្រៅប្រទេស ប៉ុន្តែលោកជាមេធាវីតំណាង អោយកូនក្តី ចូលទៅបំភ្លឺជំនួស។ លោកបានចូលខ្លួន ទៅបំភ្លឺរួចហើយ នៅព្រឹកមិញនេះ។

តុលាការដំបូង បានកោះហៅ តំណាងរាស្រ្តបក្សប្រឆាំង ២រូប គឺលោកញ៉យ ចំរើន និងលោកគង់ សភា ចូលបំភ្លឺរឿងហិង្សាមុខរដ្ឋសភា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌល កំពង់ចាម និង លោក គង់ សភា តំណាងរាស្ត្រមណ្ឌល ស្វាយរៀង ត្រូវជនមួយក្រុមប្រើហិង្សា បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥កន្លងទៅ។ បន្ទាប់មកតំណាងរាស្រ្ត ទាំងពីររូបនេះ បានប្តឹងទៅតុលាការដំបូង ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ដោយចេតនា ដោយម្នាក់ៗទាមទារ សំណងជំងឺ ១០០លានរៀល។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មនុស្ស៣នាក់បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ច របស់ ក្រសួងមហាផ្ទៃ។ ទី១ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី២-ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣-ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ សព្វថ្ងៃអ្នកទាំង៣នាក់នេះ កំពុងរស់នៅក្នុងពន្ឋនាគារ បន្ទាប់ពី តុលាការដំបូង សម្រេចោទប្រកាន់ ពីបទបង្កហិង្សាដោយចេតនា៕