សម្ដេចតេជោ ស្នើប្រជាពលរដ្ឋ ប្រើប្រាស់ទឹក ឲ្យមានកំរិត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ត្រូវប្រើប្រាស់ទឹកឲ្យមានកំរិត  ខណៈនៅឆ្នាំ២០១៦ កម្ពុជានឹងខ្វះទឹកប្រើប្រាស់  ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ជាពិសេសខ្វះទឹកសម្រាប់ ស្រោចស្របផលដំណាំ ផ្សេងៗនិងស្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ថា “ខ្ញុំបានចេញសេចក្ដីណែនាំ អំពីការប្រើប្រាស់ទឹក ដោយ យោង តាមការព្យាករណ៍ ធាតុអាកាស ហើយដោយសារឆ្នាំកន្លង ទៅនេះ ទឹកទន្លេមេគង្គទាបយកតែមែនទែន សឹងកន្លែងខ្លះអាចដើរបាន ទាបហ្នឹងមិនមែន ទាបតែនៅស្រុកខ្មែរទេ ទន្លេឡាងឆាងភ្ជាប់ស្រុកចិន នឹងប្រទេសថៃ អាចដើរកាត់បានហើយ។ អាងបឹងបួរទាំងឡាយមានទឹកតិចណាស់ ចឹងទេក្នុងសារាចរណែនាំ សូមឲ្យប្រជាពលរដ្ឋ ធ្វើស្រូវ ប្រាំង ក្នុងមួយឆ្នាំម្ដងបានហើយ ដើម្បីទុកទឹកសម្រាប់ការប្រើប្រាស់ដំណាំរួមផ្សំ”។

សូមបញ្ជក់ថា កាលពីថ្ងៃទី២៣ ធ្នូ  រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំមួយស្តីពី ការចាត់វិធានការ ថែរក្សា ទឹកទុក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាជន នៅតាតំបន់មួយ ដោយសានៅឆ្នាំ២០១៦ខាងមុខនេះ កម្ពុជា នឹងទទួលរងបាតុភូតធម្មជាតិក្តៅហួតហែង ហើយរដូវវស្សាអាចនឹងមកដល់ យឺតជាងធម្មតា។ ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះខាតទឹ កសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើម ធ្លាក់នាពេល នោះផងដែរ៕

សម្ដេចតេជោ ស្នើប្រជាពលរដ្ឋ ប្រើប្រាស់ទឹក ឲ្យមានកំរិត