បំណុល​វិស័យ​សាធារណៈ​របស់​កូរ៉េ​ខាងត្បូង​ស្មើនឹង​64,5% នៃ GDP

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បំណុល​វិស័យ​សាធារណៈ​របស់​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ដល់​ទៅ​៨១៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ឬ​ស្មើនឹង​៦៤,៥% នៃ GDP របស់​ខ្លួន ។

យោង​តាម​ក្រសួង​ហិញ្ញ​វត្ថុ​បង្ហាញ​ថា បំណុល​វិស័យ​សាធារណៈ​របស់​ប្រទេស​នេះ ឬ D3 ដែល​មិន​គិត​ទាំង​បំណុល​ទូទៅ​របស់​រដ្ឋាភិបាល និង​បំណុល​សាជីវកម្ម​មិនមែន​ផ្នែក​ហិរញ្ញវត្ថុ ព្រមទាំង​ការ​កាត់​បន្ថយ​ការ​ជួញដូរ​ផ្ទៃក្នុង បាន​កើនឡើង​៥៨,៦​ទ្រី​លាន​វ៉ុ​ន​ធៀប​នឹង​ឆ្នាំទៅ ។

ក្នុង​ឆ្នាំ​២០១៣ បំណុល​វិស័យ​សាធារណៈ​របស់​កូរ៉េ​ខាងត្បូង​មាន​ចំនួន​៨៩៨,៧​ទ្រី​លាន​វ៉ុ​ន​ឬ​ស្មើនឹង​៦២,៩%​នៃ GDP កើនឡើង​៧៧,៧​ទ្រី​លាន​វ៉ុ​ន​ពី​ឆ្នាំទៅ ។

ក្នុង​ចំណោម​កំណើន​សរុប​នៃ​ទំហំ​ទឹកប្រាក់​៣៨,៤​ទ្រី​លាន​វ៉ុ​ន ដែល​នាំ​មក​ដោយ​ការ​បញ្ចេញ​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​បរទេស និង​គ្របដណ្តប់​លើ​ឱនភាព​ក្នុង​គណនី​ទូទៅ​របស់​ខ្លួន ។

បំណុល​រដ្ឋាភិបាល​ទូទៅ គឺ​ស្ថិត​ក្នុង​កម្រិត​៦២០,៦​ទ្រី​លាន​វ៉ុ​ន ស្មើនឹង​៤១,៨% នៃ GDP​និង​កើនឡើង​២,២​ពិន្ទុ​ពី​ឆ្នាំ​មុន ។ ចំណែក D2 ត្រឹមតែ​ជា​ការ​គណនា​បំណុល​ជាតិ និង​បំណុល​របស់​គ្រឹះស្ថានសាធារណៈ​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ ។

រីឯ​បំណុល​សាជីវកម្ម​មិនមែន​ផ្នែក​ហិរញ្ញវត្ថុ​មាន​ចំនួន​៤០៨,៥​ទ្រី​លាន​វ៉ុ​ន ឬ​២៧,៥% នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ជាមួយ​ការ​ជួញដូរ​ផ្ទៃក្នុង​រវាង​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​នឹង​កាត់​បន្ថយ​ពី​បរិមាណ​សរុប ។

តាម​លទ្ធផល​ចុង​ក្រោយ​បង្ហាញ​ថា បើ​ប្រៀបធៀប​នឹង​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ចំនួន​៧ ដែល​បាន​បញ្ចេញ​តួលេខ D3 បំណុល​ដែល​ពាក់ព័ន្ធ​នឹង GDP របស់​ក្រុង​សេ​អ៊ូ​ល គឺ​ស្ថិត​ក្នុង​កម្រិត​ខ្សោយ​បំផុត​ទី​២ បន្ទាប់​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ជប៉ុន ព័រ​ទុ​យ​ហ្គា​ល់ កា​ណា​ដា អង់គ្លេស និង​អូស្ត្រាលី ដែល​ប្រទេស​ទាំងនេះ​សុទ្ធសឹងតែ​មាន​បំណុល​ច្រើន ។

ក្រសួង​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​លើ​ចំណាត់ការ​គោលនយោបាយ​សេដ្ឋកិច្ច ឲ្យ​ដឹង​ថា ទោះជា​មានការ​កើនឡើង​នៃ​បំណុល​វិស័យ​សាធារណៈ​សរុប​ទាំងអស់​យ៉ាងណា​ក្តី ក៏​ប្រទេស​នេះ​ធ្វើ​បាន​ល្អ​ជាង​ប្រជាជាតិ​ដទៃ​ទៀត​ដែរ ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ សន្ទុះ​នៃ​កំណើន​បំណុល​បាន​បង្អង់​ល្បឿន​ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សងបំណុល​វិញ ។

ក្រសួង​ឱ្យ​ដឹង​ថា ទោះជា​បំណុល​សាធារណៈ​នឹង​គ្រប់គ្រង​បាន​ក៏​ដោយ តែ​បច្ចុប្បន្ន រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ប្តេជ្ញា​ដើម្បី​ជំរុញ​សមតុល្យ​នៃ​សារពើពន្ធ ។

មន្ត្រី​ផ្លូវការ​ថ្លែង​ថា រដ្ឋាភិបាល​នឹង​រក្សា​ការ​ពង្រីក​ជំហរ​គោលនយោបាយ​សារពើពន្ធ ដើម្បី​រក្សា​នូវ​ភាព​រស់​រវើក​នៃ​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ទិស​ដៅ​នឹង​រក្សា​នូវ​បំណុល​រដ្ឋាភិបាល​ទូទៅ​ក្នុង​រង្វង់​៤០% នៃ GDP នៅ​ឆ្នាំ​២០១៩ ៕