សហរដ្ឋអាមេរិក​អំពាវនាវ​ឱ្យ​យកពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប​ពី​ចិន​256%

សហរដ្ឋអាមេរិក ៖ យោង​តាម​សេចក្តីសម្រេច​ជាបឋម​របស់​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​ដែកថែប​ធន់​នឹង​ច្រែះ​ពី​ប្រទេស​ចិន ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ទាប​មិន​ស្មើភាព ហើយ​វា​នឹង​ត្រូវ​បាន​យកពន្ធ​២៥៦% ផង​ដែរ ។

អង្គភាព​ខាងលើ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​នាំ​ចូល​ដែកថែប​ពី​ប្រទេស​ឥណ្ឌា កូរ៉េ​ខាងត្បូង និង​អីុ​តា​លី នឹង​ត្រូវ​បាន​យកពន្ធ​ក្នុង​អត្រា​ទាប​ជាង​មុន ។ ចំណែក​ការ​នាំ​ចូល​ពី​កោះ​តៃវ៉ាន់ និង Marcegaglia SpA របស់​អីុ​តា​លី នឹង​មិន​ប្រឈម​ចំពោះ​ពន្ធ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ​ឡើយ ។

រដ្ឋាភិបាល​បាន​រក​ឃើញ​នូវ​ការ​លក់​បង្ខូច​ថ្លៃ​៣,២៥% ចំពោះ​ដែកថែប​ភាគច្រើន​ដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ជាមួយ​កាតព្វកិច្ច​ពន្ធ​៣,៥% នៃ​ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Hyundai Steel Co. ។ ចំណែក​ការ​នាំ​ចូល​ពី​បណ្តា​ក្រុមហ៊ុន​អីុតា​លី ដែល​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន Marcegalia នឹង​ត្រូវ​បាន​ហូត​យកពន្ធ​៣,១%​។ រីឯ​ការ​នាំ​ចូល​ពី​ឥណ្ឌា គឺជា​ប្រធានបទ​នៃ​ការ​ហូត​យកពន្ធ​ពី​៦,៦% ទៅ​៦,៩% ។

លោក Tim Brightbill ជា​ដៃគូ​របស់​ក្រុមហ៊ុន Wiley Rein LLP ក្រុមហ៊ុន​ច្បាប់​មួយ​តំណាង​ឲ្យ​ក្រុមហ៊ុន​ផលិត​ដែកថែប Nucor Corp., របស់​អា​មេ​រិ​ក បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា យើង​មាន​ក្តី​បារម្ភ​ថា ៖ « ការ​លក់​បង្ខូច​តម្លៃ​ដែល​កំពុង​កើត​មាន គឺ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​កំណត់​ខាងលើ​នេះ​ទៅ​ទៀត » ។

ក្រុមហ៊ុន​ផលិត​របស់​សហរដ្ឋអាមេរិក​រួម​មាន Nucor, U.S. Steel Corp. និង Steel Dynamics Inc. បាន​ដាក់​ពាក្យបណ្តឹង​កាលពី​ខែមិថុនា​កន្លង​មក ដោយ​ចោទ​ប្រកាន់​ថា ផលិតផល​មួយ​ចំនួន​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ឥណ្ឌា អីុ​តា​លី កូរ៉េ​ខាងត្បូង និង​កោះ​តៃវ៉ាន់ ត្រូវ​បាន​គេ​លក់​បង្ខូច​ថ្លៃ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក ។ ក្នុង​ខែវិច្ឆិកា រដ្ឋាភិបាល​បាន​រក​ឃើញ​ថា បណ្តា​ប្រទេស​ទាំង​អស់នោះ លើកលែងតែ​កោះ​តៃវ៉ាន់ បាន​ជួយ​ទំនុកបម្រុង​ផលិតកម្ម​ក្នុងស្រុក​របស់​ពួក​គេ​ប្រមាណ​ជា​២៣៦% នៃ​តម្លៃ​របស់​ខ្លួន ។

របាំង​ឧបសគ្គ​នៃ​ការ​នាំ​ចូល
លោក Caitlin Webber អ្នកវិភាគ​របស់ Bloomberg Intelligence នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ឱ្យ​ដឹង​ថា ៖ « តារាង​ពន្ធ​កាលពី​ថ្ងៃ​អង្គារ រួម​ផ្សំ​ជាមួយ​ពន្ធ​មាន​កម្រិត​ខ្ពស់​២៣៦% ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ដោយ​បង្កើត​ឡើង​នូវ​របាំង​ឧបសគ្គ​ក្នុង​ការ​នាំ​ចូល​នៃ​ផលិតផល​ដែកថែប​ទាំងនេះ​ពី​ប្រទេស​ចិន » ។

លោក Caitlin Webber បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ « ការ​យកពន្ធ​៥០០% គឺជា​កម្រិត​ខ្ពស់​ហួសប្រមាណ ។ កម្រិត​ទាប​ជាង​នេះ​បន្តិច គឺ​ប្រហែលជា​មានការ​ប៉ះពាល់​លើ​ការ​នាំ​ចូល​ទាប​តិច​ជាង​មុន​ដែរ » ។

ក្រុមហ៊ុន​ផលិត​ដែកថែប U.S. Steelmakers បាន​ដាក់​ពាក្យបណ្តឹង​ចំនួន​៣ ប្រឆាំង​នឹង​ការ​នាំ​ចូល​ដែកថែប (Hot-rolled) Cold-rolled និង​ដែកថែប​មិនមែន​ច្រែះ​ចាប់ បន្ទាប់​ពី​ការ​ចែកចាយ​ចេញពី​បរទេស​បាន​កើនឡើង ។ តម្លៃ​ដែកថែប​រមូរ​ដែល​ជា​មុខទំនិញ​ស្នូល​នោះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៤០%​ក្នុងឆ្នាំនេះ ជាមួយនឹង​ការ​នាំ​ចូល​កើនឡើង​៣៨% ក្នុង​ឆ្នាំ​២០១៤ ។

សរុប​មក ការ​នាំ​ចូល​ផលិតផល​ដែកថែប​ក្នុង​ខែតុលា បាន​កើនឡើង​៣,៩% ក្នុង​ឆ្នាំ​២០១៥ នេះ ៕