ឥណ្ឌា មី​យ៉ា​ន់​ម៉ា ថៃ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ដឹក​ជញ្ជូន​តាម​ព្រំដែន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កា​រត​ភ្ជាប់​នៃ​បណ្តាញ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ឥណ្ឌា មី​យ៉ា​ន់​ម៉ា និង​ថៃ អាច​នឹង​ក្លាយជា​ការ​ពិត​នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​ដែល​បរិមាណ​ក្រុមហ៊ុន​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ឆ្លងកាត់​ព្រំដែន ។

យោង​តាម​មន្ត្រី​ផ្លូវការ​ឲ្យ​ដឹង​ថា តាម​រយៈ​ជំនួប​រវាង​បណ្តា​ប្រទេស​ទាំង​បី​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ខែកញ្ញា​នេះ ក្នុង​គោលបំណង​ត​ភ្ជាប់​ទំនាក់ទំនង​ផ្លូវ​ដឹក​ជញ្ជូន​មាន​ល្បឿន​លឿន ។ មី​យ៉ា​ន់​ម៉ា​បាន​អនុម័ត​នូវ​ពាក្យ​ស្នើ​សុំ​ធ្វើ​ពាណិជ្ជកម្ម​ចំនួន​២៨ ដើម្បី​ផ្តល់​នូវ​កា​រត​ភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​តាម​ព្រំដែន ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ដឹក​ជញ្ជូន ក្រោម​ចំណុះ​ក្រសួង​ដឹក​ជញ្ជូន​មី​យ៉ា​ន់​ម៉ា លោក Thint Myant Thu បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ថា ៖ «៣ ទៅ​៤​ខែ​មកនេះ ការិយាល័យ​របស់​លោក​កំពុង​តែ​ទទួល​ពាក្យ​ស្នើ​សុំ ។ អ្នក​ដាក់​ពាក្យ​ស្នើ ចាំបាច់​ត្រូវ​តែ​ជា​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ដែល​មាន​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​យ៉ាង​ហោច​ក៏​៤០​លាន​ខ្យា​ដ​ដែរ ។ អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ប្រកប​អាជីវកម្ម​នេះ​ដោយ​ជោគជ័យ​នឹង​ទទួល​បាន​នូវ​អាជ្ញាប័ណ្ណ​រយៈពេល​មួយ​ឆ្នាំ ។ នៅ​ពេល​រដ្ឋសភា​បាន​អនុម័ត​គម្រោង​ហើយ បណ្តា​ក្រុមហ៊ុន​ទាំងនោះ​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើមឆ្នាំ​២០១៦ ។ ថ្លៃ​បង់ពន្ធ និង​ថ្លៃ​ឈ្នួល​ពាណិជ្ជកម្ម​នឹង​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​អនុវត្ត​ចំពោះ​អ្នកដំណើរ និង​ទំនិញ ហើយនឹង​ត្រូវ​បង់​ទៅ​តាម​ការ​ធ្វើ​និយ័ត​កម្ម » ។

ថៃ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​១៣០ រួច​មក​ហើយ​ដែល​ទទួល​ការ​អនុញ្ញាត​ក្នុង​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​ព្រំដែន ។ ប៉ុស្តិ៍​ត្រួតពិនិត្យ​ចូល​មី​យ៉ា​ន់​ម៉ា​ពី​ប្រទេស​ថៃ​គឺ Phitsanulok និង​ប៉ុស្តិ៍ Kolkata ពី​ប្រទេស​ឥណ្ឌា ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក Kyi Sein អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អ្នក​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ៖ « ទំហំ​ទឹកប្រាក់​នៃ​ទំនិញ​សំខាន់​ៗ​ចំនួន​១០​មុខ ដែល​បាន​នាំ​ចេញពី​មី​យ៉ា​ន់​ម៉ា​ទៅ​កាន់​ឥណ្ឌា ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦ សម្រេច​បាន​ចំនួន​៥០០​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​នេះ​។ ចំណែក​ការ​នាំ​ចូល​របស់​មី​យ៉ា​ន់​ម៉ា​ពី​ឥណ្ឌា​វិញ មាន​ចំនួន​១២០​លាន​ដុល្លារ » ៕