អាជីវករ​ផ្សារលើ​នាំគ្នា​ចាប់​បុរស​ម្នាក់​ចាយលុយ​ដុល្លា​ខ្មោច​ប្រគល់​ឲ្យ​នគរបាល​ក្រុង​កំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ បាន​ព្រួត​គ្នា​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រគល់អោយ នគរបាល​ក្រុង​កំពង់ឆ្នាំង នៅពេល​ជនសង្ស័យ​រូបនោះ បាន​យក​ក្រដាស់ប្រាក់​១០០​ដុល្លា​ក្លែងក្លាយ សម្រាប់​សែន​អោយ​ខ្មោច យកទៅ​ទិញ​ខោអាវ​ក្នុង​ផ្សារលើ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ។​

នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ បុរស​សង្ស័យ​រូបនោះ​មានឈ្មោះ ជា រតនៈ អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ ស្រុក​មង្គល​បូរី ខេត្តតាកែវ​។ គេ​បាន​ឆ្លើយ​ត្រឡប់ត្រឡិន​ម្តងថា​៖ គេ​បានធ្វើ​ដំណើរ​មកពី​ខេត្តបាត់ដំបង បំណង​ទៅ​ស្រុក​នៅ​ខេត្តតាកែវ ។ ម្តងថា ទើប​ចេញពី​មន្ទីរពេទ្យ​ខេត្តហើយ​ទៅ​ទិញ​ខោអាវ​ស្លៀក ត្រូវគេ​ចាប់ខ្លួន ។ នៅក្នុង​ករណីនេះ​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យឃើញ​លុយ​ដុ​លា្ល​ក្លែងក្លាយ​សម្រាប់​ដុត​សែនខ្មោច ចំនួន​១៤៦០ ដុល្លា និង​លុយ​ខ្មែរ ចំនួន​៣៥០០​រៀល ។ ក្រៅពីនោះ​ឃើញ​មាន​សំបុត្រ​វិ​ជ្ជ​បញ្ជា​រទិញ​ថ្នាំ​របស់​គ្រូពេទ្យ​ខេត្តបាត់ដំបង​។ ​ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​៖ ពេល​សាកសួរ​ចម្លើយ​មិនបាន​លទ្ធផល​នោះទេ ព្រោះ​ម្តងថា​ធ្វើ​អង្គរក្ស ម្តងថា​ធ្វើ​ទាហាន​ម្តងថា​ដេកពេទ្យ ចំណែក​ក្នុង​កាបូបស្ពាយ​របស់គេ​មាន ភួយ​ដណ្តប់ មាន​ថ្នាំដុះធ្មេញ មាន​សាប៊ូ ខោអាវ និង​គួបផ្សំ​មាន​សំបុត្រ​បញ្ជាក់​គ្រូពេទ្យ​ផង​នោះ សមត្ថកិច្ច​នគរបាល​បាន​ឆ្លង​យោបល់​ថ្នាក់លើ ក៏ដូចជា​ព្រះរាជអាជ្ញា ទើប​សន្និដ្ឋានថា​៖ ជា​មនុស្ស​មាន​ស្មារតី​មិនល្អ​ហើយ​បានសម្រេច​ធ្វើការ​អប់រំ​ណែនាំ អោយ​ត្រឡប់​ទៅវិញ ដោយបាន​ដកហូត​ប្រាក់​ដុល្លា​សម្រាប់​សែនខ្មោច​ទុក កុំអោយ​យកទៅ​ចាយ​បន្តទៀត​។​

​ទន្ទឹមនេះ​ផងដែរ​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សុំ​អំពាវនាវ តាម​ការផ្សាយ​របស់​សារព័ត៌មាន បើ​ក្រុមគ្រួសារ បានឃើញ​ដូច​មាន​ភិនភាគ​នេះ សូម​ប្រញាប់​មក​ទទួល​យកទៅ​ស្រុកកំណើត​ផង ព្រោះ បុរស​នេះ​មាន​សតិ​មិនល្អ​ទេ កុំ​ពុង​តែង​តោ​ល​មិនដឹងថា​ហូប​បាយទឹក​នៅឯណា​ទេ​៕ រិ​ទ្ធិ ជ័យ

KA-28-12-2015-07 KA-28-12-2015-08