ក្រុមហ៊ុន​ទាហាន​យួន​កាប់​ឈើ​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី ឲ្យ​រលត់រលាយ​

សេចក្ដីរាយការណ៍​មួយចំនួន​បានលើកឡើង​ថា ការដែល​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ច្រានចោល​រឿង​ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​នេះ គឺជា​ការជួយ​បិទបាំង​សកម្មភាព​របស់​ទាហាន​យួន​ដោយ​ខ្វះ​ការពិចារណា​។ ដោយសារ​ថា​ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ និង​ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ម៉ឺន​ហិកតា​ក្នុងស្រុក​លំផាត់ និង​ស្រុក​មួយចំនួនទៀត​នៅ​ខេត្តរតនគិរី គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ទាហាន​យួន​។ កម្មករ​ដែល​បម្រើការ​ងារ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ទាហាន​យួន គឺ​សុទ្ធតែជា​ទាហាន​តែម្តង​មិនមាន​ប្រជាជន​យួន​មក​ធ្វើជា​កម្មករ​នោះទេ​។​

ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ និង​ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តរតនគិរី មិន​ត្រឹមតែ​កាប់​ឈើ​ដ៏​មានតម្លៃ​របស់​ខ្មែរ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ទទួលបាន​ប្រាក់ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​និង​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី​យ៉ាង​កំរោល​។ ដូច្នេះហើយ​ទើប​ព័ត៌មាន​ស្ដីពី​ទាហាន​យួន​កាន់កាប់​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅក្នុង​ខេត្តរតនគិរី បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​។ អ្វីដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ព្រួយបារម្ភ​នោះ គឺ​ទាហាន​យួន​រាប់ម៉ឺន​នាក់​អាច​ចូលមក​ឈរជើង​លើ​ទឹកដី​ខ្មែរ​ក្រោមលេស​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​អាច​យក​ទឹកដី​ខ្មែរ​ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ​នាពេលខាងមុខ​។

ការបកស្រាយ​របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ពី​រឿង​ជនជាតិ​យួន​កាន់កាប់​ដី​ខ្មែរ​នៅក្នុង​ខេត្ត​នេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ជា​រឿង​មិន​សម​ហេតុផល​ព្រោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច គឺជា​ក្រុមហ៊ុន​របស់​ទាហាន​យួន​។ យ៉ាងណាក៏ដោយ​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ករណីនេះ ព្រោះ​ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ​របស់​ទាហាន​យួន បាន​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ស្ទើរតែ​វិនាស​អស់​ទៅហើយ សូម្បីតែ​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​ក៏​ធ្លាប់​ចេញផ្សាយ​របាយការណ៍​ទាក់ទង​រឿង​ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​ដែរ​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មានការ​ជឿជាក់​ទៅលើ​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ដែលថា ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី ហើយ​មិន​ជឿ​លើ​ការ​ដោះសា​បិទបាំង​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​នោះទេ​៕
Pic36 Pic37