មេ​យោធា​កំពូល​មី​យ៉ាន់​ម៉ា ទទូច​ថៃ​ឲ្យ​ពិនិត្យឡើងវិញ​លើ​ការកាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​ខ្លួន​

​លោក ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង (Min Aung Hlaing) បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ពិនិត្យឡើងវិញ​នូវ​ការ កាត់ទោស​ប្រហារ ជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ពីរ​នាក់​ពីបទ​ឃាតកម្ម​។ សំណើ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជៀសវាង​នូវ​ការ​ទោស​ពលរដ្ឋ​ស្លូតត្រង់ ទោះបីជា​តុលាការ​ថៃ បាន​អះអាង​មាន​ភស្តុតាង​គ្រប់គ្រង ក៏ដោយ​។​

​ទោះបីជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អះអាងថា នឹង​ប្រើប្រាស់​មធ្យោបាយ​ការទូត​ទ្វេភាគី​ដើម្បី​ចរចា​ពី ការកាត់ទោស​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ក៏ដោយ មេដឹកនាំ​កំពូល​យោធា​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល លោក មី អ៊ុង​ឡាំង មិនបាន​នៅ​ស្ងៀម​នោះទេ​។ 

​លោក មិន អ៊ុង​ឡាំង បាន​សុំ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​ចំពោះ​ភស្តុតាង​ដែល​បាន​ចោទ​ទៅលើ​ពលរដ្ឋ ខ្លួន​ពីរ​នាក់​។ នេះ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មី​យ៉ាន់​ម៉ា Global New Light of Myanmar កាលពី​ម្សិលមិញ ដែល​បានបញ្ជាក់​ផងដែរ​ថា លោក ឧ​ត្ត​ម​សេនីយ៍ តែងតែ​គោរព​ប្រព័ន្ធ​យុ​តិ្ត​ធ៌​ម​ថៃ​។ តែ​លោក ថា ដើម្បី​ជៀស​វាស​កាត់ទោស​ខុស​មនុស្ស តុលា​ការគួរ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ឡើងវិញ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ កន្លងទៅ តុលាការ​ថៃ​បានបញ្ចប់​សវនាការ​ដែល​បាន​ដំណើរ ការ​អស់​រយៈពេល​មួយឆ្នាំ​ហើយ​នោះ​។ តុលាការ បានសម្រេច​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ពីរ​នាក់​ពីបទ​ឃាតកម្ម​លើ​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ពីរ​នាក់​នៅ​កោះ​តាវ​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ​។ ការសម្រេច​កាត់ទោសរ​ហូត​ដល់​ប្រហារជីវិត​នេះ ដោយ​សម្អាង​លើ​ភស្តុតាង​ដែល​ពិនិត្យ​តាមរយៈ​DNA​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រោយពី​តុលាការ​បាន​កាត់ទោស​លើ​អ្នកទោស​មី​យ៉ាន់​ម៉ា​ពីរ​នាក់​ហើយ​នោះ មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​ទាំង​នៅមុខ​ស្ថានទូត​ថៃ​ប្រចាំ​មី​យ៉ាន់​ម៉ា និង នៅតាម​ព្រំដែន​ដើម្បី​ប្រឆាំង​សេចក្តីសម្រេច​នោះ​។ ក្រុមបាតុករ បានទាមទារ​ឲ្យ​តុលាការ​ថៃ​ផ្តល់​យុ​ត្តិ ធម៌ និង​ចោទថា​ការកាត់ទោស​នេះ គឹជា​ការរើសអើង​ទៅលើ​ជនជាតិ​មី​យ៉ាន់​ម៉ា​។​

​យ៉ាងណាក៏ដោយ ទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​ថៃ ហាក់ដូចជា​មិនមាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការ​កាត់ ទោស​ប្រហារជីវិត​ពលរដ្ឋ​ខ្លួន​ទាំងពីរ​នាក់​នោះទេ ដោយ​ចាត់​ថា​នេះ គឺ​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ច្បាប់​។ ទោះបី​មាន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជាច្រើន​បាន​ផ្ទះ​បាតុកម្ម​ក៏ដោយ លោក Win Maung អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ក្រុង​បាងកក បាន​អះអាងថា សាលក្រម​នេះ មិន​ប៉ះពាល់ ដល់​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ នោះទេ​។ លោក បាន​បញ្ជាក់ថា » មនុស្ស​គ្រប់គ្នា​តែងតែ​មិន​សប្បាយចិត្ត ពេលដែល​ដឹងថា​មនុស្ស ដែល​គេ​ស្គាល់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត តែ​នេះ គឺជា​នីតិវិធី​នៃ​ច្បាប់ »​។ ជាមួយគ្នានេះ​ផងដែរ មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់ថា មី​យ៉ាន់​ម៉ា នឹង​ប្រើប្រាស់​ទំនាក់ទំនង​ការទូត​ដើម្បី​ចរចា​ក្នុង ការជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​៕