ខ្សឹបដាក់ត្រចៀក៖ សង្ស័យប្រាក់ចំណូល ពីច្រកចេញ-ចូលតែមួយ របស់សាលាក្រុងកំពង់ឆ្នាំង នៅ ឆមាសទី២ ឆ្នាំ២០១៥ ត្រូវលោក អភិបាលក្រុង ហៃ មនោរម្យ ស៊ីដាច់

កំពង់ឆ្នាំង៖ ភាពមិនប្រក្រតីមួយ ត្រូវបានមន្ត្រីរាជការនៃ សាលាក្រុងកំពង់ឆ្នាំង បានទម្លាយអោយដឹងថា ប្រាក់ចំណូលរបស់ ការិយាល័យច្រកចេញ-ចូលតែមួយ ដែលមានចំនួនប្រមាណពី ៤លាន ទៅ៥លាន រៀលក្នុងមួយខែនោះ កន្លងមកប្រាក់ចំណូលនេះ ត្រូវបានបែងចែកលើកទឹកចិត្ត មន្ត្រីរាជការ ចំនួន៧០% និង៣០% ទៀតសម្រាប់ការងាររដ្ឋបាល ប៉ុន្តែនៅឆមាសទី២ក្នុងឆ្នាំ២០១៥ គិតមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ មិនទាន់ ឃើញមានការដោះស្រាយបែងចែក តាមគោលការណ៍ដូចមុនៗនោះ នៅឡើយមិនដឹងជាមានមូលហេតុអ្វី  ។

ករណីនេះ ធ្វើអោយមន្ត្រីរាជការ ក្នុងសាលាក្រុង មានការងឿងឆ្ងល់ថា តើប្រាក់ចំណូលខាងលើនេះ លោកអភិបាលក្រុង បានយកទៅដោះស្រាយ លើការងារអ្វី  ឬជាប់រវល់មមាញឹក មិនទាន់មានពេលធ្វើ ការបែងចែក  រហូតដល់ មានមន្ត្រីមួយចំនួន មានការសង្ស័យថា អាចលោកអភិបាលក្រុងស៊ីដាច់ ក៍មិនដឹង ។ ហើយយ៉ាងវិញទៀតការរៀបចំ បែងចែកការងារនេះ មិនគួរទុកអោយនៅគរ ដូចភ្នំបែបនេះឡើយ គួរណាស់ តែដោះស្រាយបែងចែក តាមខែនីមួយៗ ដែលជាកត្តាមួយមិនច្បាស់លាស់ នាំអោយមានការសង្ស័យថា មានភាពមិនប្រក្រតីពីសំណាក់មន្ត្រីរាជការទូទៅ ក៍ដូចជាមន្ត្រីក្រោមឱវាទរបស់ខ្លួន ។

ប្រភពពីមន្ត្រី ក្នុងសាលាក្រុងកំពង់ឆ្នាំងម្នាក់ បានអោយដឹងថាមុននេះ ក្នុងអង្គប្រជុំក្រុមប្រឹក្សា ក្រុងកំពង់ឆ្នាំង មានមន្ត្រីម្នាក់បាន លើកឡើងពីបញ្ហាការរៀបចំ បែងចែកប្រាក់ចំណូល របស់ការិលា័យច្រក ចេញ-ចូល តែមួយនេះដែរ ហើយពេលចេញពី ប្រជុំលោកអភភិបាលក្រុង ហៃ មនោរម្យ បានស្តីបន្ទោសអោយមន្ត្រីនោះថា «ហេតុអ្វីបានជាយករឿងនេះ មកនិយាយក្នុងអង្គប្រជុំអញ្ជឹងទៅវិញ ពីមុនយើងធ្លាប់នៅជិះទូកជាមួយគ្នាដែរតើ» ។ បើផ្អែកតាមពត៌មាននិងសំដី របស់មន្ត្រីរូបនោះ ប្រសិនបើលោកអភិបាលក្រុង ពិតជាមានការដោះស្រាយ តាមទម្លាប់ដូចពេលកន្លងមកនោះ មន្ត្រីសាលាក្រុងទាំងអស់ សូមអបអរសាទរ តែបើមិនមាន ការដោះស្រាយវិញ តើប្រាក់ចំណូលនេះបាត់ទៅណា ឬក៍មានគោលការណ៍ ប្រែប្រួលយ៉ាងម៉េច បានជាគ្មានការជូនដំណឹង ?

ពាក់ព័ន្ធករណីភាព មិនប្រក្រតីខាងលើនេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់អ្នកកាសែតថាៈ លោកនឹងរៀបចំការប្រជុំ ដោះស្រាយបញ្ហា ខាងលើនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ  បើទោះយ៉ាងណាក្តី   មន្ត្រីរាជការក្នុងសាលាក្រុងកំពង់ឆ្នាំង ចាំមើលថា តើមានការដោះស្រាយ ដូចការអះអាងរបស់លោកអភិបាលក្រុងរូបនេះ ដែរឬទេ ហើយលោកអភិបាលក្រុង គួរតែរៀបចំការងារ តាមប្រតិទិនអោយបានត្រឹមត្រូវ មិនគួរទុកអោយគរដូចភ្នំបែបនោះឡើយ ៕