ឆ្នាំ២០១៥ ក្រសួងការបរទេស ធ្វើកំណត់ទូត សុំទិដ្ឋាការឲ្យ ពលករខ្មែរទៅធ្វើការ នៅថៃ ជិត៧ម៉ឺននាក់

ភ្នំពេញ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ តាមសំណើរបស់ ក្រសួងការងារ ក្រសួងការបរទេស បានធ្វើកំណត់ទូតស្នើសុំ ទិដ្ឋាការជូនពលករ កម្ពុជា ទៅធ្វើការនៅប្រទេសថៃ ចំនួន ៦៨.១៧៤នាក់ ។

ជាមួយគ្នានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុង ស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហាជាច្រើនរាប់មិនអស់ ដូចជា៖ ស្នើអាជ្ញាធរ ថៃបញ្ឈប់ការចាប់ខ្លួនពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ការរំលោភបំពានលើ ពលករកម្ពុជា ផ្ដល់ការគាំទ្រផ្នែកច្បាប់ (ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណង ផ្សេងៗ សំរួលការធ្វើមាតុភូមិនិវត្តន៍។ល។

អ្នកនាំពាក្យដដែល ឲ្យដឹងទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរឈ្មោះ អ៊ីង ស៊ីធីម អាយុ២៨ឆ្នាំ មកពីភូមិកែវមុនី ឃុំបន្ទាយក្ដី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប ចុកជូនដល់ពលការិនីរូបនេះ ។ ពលការិនី អ៊ីង ស៊ីធីម បានមកដល់ភ្នំពេញ កាលពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៧: ៥០ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។

លោកបន្តថាក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជួយសង្រ្គោះពលការិនីខ្មែរគិតចាប់ពីខែមករា ឆ្នាំ២០១៥ រហូតដល់ បច្ចុប្បន្ន(ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥) មានចំនួន ៥៣ នាក់ ៕