សម្តេចតេជោ ហ៊ុន សែន ព្រមានមិនស្នើសុំ លើកលែងទោស លើកទី៣ ឲ្យលោក សម រង្ស៊ី

*សម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមគំនិត ឲ្យប្រធានគណបក្ស នយោបាយ និងប្រធានស្ថាប័ន ជាតិធំៗ ត្រូវតែមាន សញ្ជាតិខ្មែរតែមួយ។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិតសាកល វិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌល កោះពេជ្រ នាថ្ងៃទី២៨ធ្នូ ឆ្នាំ២៩១៥ថា សម្តេចតេជោ នឹងមិនស្នើសុំលើកលែងទោសលើកទី៣ ឲ្យ លោក សម រង្ស៊ីនោះទេ។ បើទោះបីជាការប្រកាសក្នុងភាពប្រាកដនិយមនេះ មិនចំឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងក្តី តែនៅក្នុងប្រវត្តិនយោបាយកម្ពុជា ចុងក្រោយនេះ លោក សម រង្ស៊ី ត្រូវ បានគេដឹងថា ជាប្រធានគណបក្សប្រឆាំងតែមួយគត់ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោហ៊ុន សែន បានស្នើសុំការលើកលែង ទោស ចំនួន២លើករួចមកហើយ។ លើកទី១ គឺនៅខែកុម្ភៈ ឆ្នាំ២០០៦ និងលើកទី២ នៅខែ កក្កដា ឆ្នាំ២០១៣។  ហើយបើគិតលើកនេះទៀត គឺជាលើកទី៣ហើយ ក៏ប៉ុន្តែសម្តេចតេជោ បានប្រកាសហើយថា សម្តេចនឹងកាត់ដៃស្តាំក្រវាត់ចោល បើសម្តេចចុះហត្ថលេខា លើកលែង ទោសលើកទី៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមផ្តាំត្រលប់ទៅវិញ បើខ្ញុំចុះហត្ថលេខាលើកទី៣ ខ្ញុំកាត់ដៃស្តាំខ្ញុំក្រវាត់ចោល»។

ការអះអាងបែបនេះ ក៏ជាការឆ្លើយតបទៅនឹងមន្រ្តីគណបក្សប្រឆាំងម្នាក់ដែលបាន លើកឡើងក្នុងពេល ចុះទៅឃោសនានៅមូលដ្ឋានថា «មេយើងជាប់គុក (បណ្តឹងតុលាការ) ម្តង ឡើងសន្លឹកឆ្នោតបន្តិច, ជាប់គុក២ដងឡើងសំឡេងឆ្នោតបន្តិច! ម្តងនេះលើកទី៣ នឹងចូល កាន់អំណាចតែម្តង»។ តែសម្តេច ហ៊ុន សែន បានផ្តាំត្រលប់ទៅវិញថា «បើខ្ញុំចុះហត្ថលេខា លើកទី៣ ខ្ញុំនឹងកាត់ដៃស្តាំខ្ញុំក្រវាត់ចោល»។ សម្តេចបានបន្តថា «កុំឲ្យលោកឯងដើរភូតគេ បន្តទៅទៀត»។

ជាមួយនឹងការប្រកាសបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទផ្លូវ ចំពោះ ការអន្តរាគមន៍ នានាពីសំណាក់បរទេសណាមួយក្នុងករណីនេះផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា សារចុង ឆ្នាំនេះ គឺ«កម្ពុជាមិនមែន ជាចំណាប់ខ្មាំងរបស់ មនុស្សម្នាក់ រឺ ២នាក់នោះទេ ព្រោះកម្ពុជាបច្ចុប្បន្នមាន គណបក្សនយោបាយជាច្រើនកំពុង រង់ចាំ»។ សម្តេចបន្តថា «ពីរប៊ិច (បៀរ) មិនអាចយកមកតថ្លៃ ជាមួយអាត់កឺបាននោះទេ!»។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ត្រូវបានគេដឹងជាទូទៅថា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រលើកលែងទោស ចំនួន២លើករួចមកហើយ ហើយ ពេលនេះដែរ លោក សម រង្ស៊ី កំពុងត្រូវបានតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ឋទៅនឹងបណ្តឹងបរិហារកេរ្តិ៍ របស់លោកឧបនាយក រដ្ឋមន្រ្តី ហោ ណំាហុង និងដីកាចំនួនពីររបស់តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ គឺទាក់ ទងនឹងសំណុំរឿងបង្ហោះ ឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមក្លែងក្លាយ និងចុងក្រោយនេះ គឺ បណ្តឹង បរិហាកេរ្តិ៍សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស ដោយមិន ហ៊ានចូលមកអនុវត្តទោស និង ចូលបំភ្លឺតាមដីការកោះ របស់តុលាការក្រុងភ្នំពេញ នោះទេ។

មានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យា សាស្រ្តសេដ្ឋកិច្ចនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ កម្ពុជានឹងបង្កើត ច្បាប់មួយទៀត ដែលកំណត់ថា ប្រធានគណបក្ស នយោបាយ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានតុលាការ រួមជាមួយ នឹងប្រធានស្ថាប័ន មួយចំនួនទៀតត្រូវមានសញ្ជាតិតែមួយ។

សម្តេចបានមានប្រសាសន៍ថា “ដូច្នេះនាពេលខាងមុខ ច្បាប់ស្តីពីបក្សនយោបាយចាំបាច់ត្រូវកំណត់ ប្រធានគណបក្សនយោបាយ ត្រូវតែមាន សញ្ជាតិខ្មែរតែមួយ ដើម្បីជៀសវាងកុំឲ្យមានរឿងអីកាន់ប៉ាស្ព័រ រត់ ហើយពឹងបរទេសមកអន្តរាគមន៍»។ សម្តេចបន្តថា « យើងពិនិត្យមើល បើគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរតែមួយ ហើយ ហើយប្រធានបក្សវាត្រូវតែមាន! ចឹងត្រូវរៀបចំ” ។

ចំពោះវប្បធម៌សន្ទនាវិញ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យមានដាក់បញ្ចូលទៅក្នុង ច្បាប់ថ្មីនេះដែរ។ សម្តេចបានមានប្រសាសន៍ថា ធ្វើបែបនេះគឺដើម្បីជៀសវាង ការជេរប្រមាណ ដោយមិនមានទោស។ សម្តេចតេជោបានមានប្រសាសន៍ថា៖ «បើអ្នកឯងជេគេ អ្នកឯងជាប់ទោសយ៉ាងម៉េច? មិនមែនជាប់ទោសតែនៅក្នុងរង្វង់យុទ្ធនាការមួយខែនោះទេ គឺត្រូវជាប់ទោសតាំងពីឥឡូវ បានរាង»។ សម្តេចបន្តថា « វប្បធម៌សន្ទនាកន្លងទៅ វាអត់មាន យន្តការច្បាប់នោះទេ»។

សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើបក្សណាមិនសម្រេចក៏អត់មានបញ្ហាដែរ ព្រោះគណបក្ស ប្រជាជនកម្ពុជា មានសមាជិកគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្ត និង ចងក្រង ហើយ។ បើតាម សម្តេចតេជោ យ៉ាងយូរនៅចុងឆ្នាំក្រោយឆ្នាំ២០១៦ ច្បាប់ថ្មីនេះ នឹងលេច ចេញជារូបរាងហើយ៕

សម្តេចតេជោ ហ៊ុន សែន ព្រមានមិនស្នើសុំ លើកលែងទោស លើកទី៣ ឲ្យលោក សម រង្ស៊ី