លោក​កឹម​សុខា ទទួលបាន​តួនាទី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​លោក​សមរង្ស៊ី ដោយ​មិនបាច់​ខំ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​រៀបចំ​កែប្រែ​សេចក្តី​ព្រាងច្បាប់ ស្តីពី គណបក្សនយោបាយ ដោយ​កំណត់​ឲ្យ​ប្រធាន​គណបក្ស​ទាំងអស់ ត្រូវតែមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ករណី​លោក​សមរង្ស៊ី នៅពេលនេះ សម្តេច​នឹងមិន​ចុះហត្ថលេខា ទូល​ស្នើសុំ​ការលើកលែងទោស​ដល់​លោក​សមរង្ស៊ី ជា​លើក​ទី​៣ នោះ​ទេ​។​

​ការប្រកាស​​របស់​សម្តេច​ហ៊ុនសែន ដូច្នេះ គឺ​នឹង​មិនមាន​អ្វី​រាំងស្ទះ ក្នុង​ការធ្វើ​វិសោធន​កម្ម កែប្រែ​ច្បាប់ ស្តីពី គណបក្សនយោបាយ នោះទេ ព្រោះថា សព្វថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង ៦៨ រូប នៅ​រដ្ឋសភា គឺ​លើសពី ៥០% បូក ១ ក្នុង​ចំណោម​​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប ដែល​អាច​អនុម័ត កែសម្រួល​ច្បាប់​គណបក្ស​នយោបាយ ដោយ​គ្មាន​ឧ​ប​ស័គ​អ្វី​នោះទេ​។​

​ដូច្នេះ ប្រសាសន៍​របស់​សម្តេច​ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ គឺជា​ការ​បិទផ្លូវ ខ្ទប់​ទ្វារ និង​បញ្ចប់​អាជីព​នយោបាយ​របស់​លោក​​សមរង្ស៊ី តែម្តង​។ លោក​សម​រង្ស៊ី សព្វថ្ងៃ មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង​។ លោក​សមរង្ស៊ី ក៏​កំពុង​ជាប់ទោស ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​លោក​ហោ​ណាំហុង ហើយ​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​។​

​តាម​គោលការណ៍​ព្រមព្រៀង​រវាង​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា គឺ​លោក​សមរង្ស៊ី ត្រូវ​កាន់តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ១០ ឆ្នាំ ក្នុងពេល​តែ ២ អាណត្តិ ប៉ុណ្ណោះ ពោល​គឺ​​គិត​​ចាប់​ពី​​ឆ្នាំ​២០១២​។​

​ប៉ុន្តែ​​នៅ​ពេល​​សម្តេច​​ហ៊ុនសែន ប្រកាស​ពី​ការបង្កើត​ច្បាប់​ថ្មី ដែល​តម្រូវ​ឲ្យ​ប្រធាន​គណបក្សនយោបាយ នៅកម្ពុជា​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ ហើយ​លោក​សមរង្ស៊ី នៅជាប់​ទោស មិនអាច​វិល​ចូល​ស្រុក តាម​ការសម្របសម្រួល​នយោបាយ​ជាមួយ​សម្តេច​ហ៊ុនសែន ដូចដែល​ធ្លាប់ធ្វើ ២ លើក​រួចមកហើយ​នោះ គឺ​មានន័យថា អំ​ណេះ​តទៅ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្លាក់​មកលើ​លោក​កឹម​សុខា​។

​ម្យ៉ាងទៀត បើ​សិន​​ជា​លោក​​កឹម​សុខា មិន​ក្លាយ​ជា​​ប្រធាន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​យ៉ាងហោចណាស់ យុទ្ធសាស្ត្រ​ថ្មី​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ពេលនេះ បាន​ផ្តាច់​ផ្លូវ​នយោបាយ​របស់លោក​ស​មរ​ង្ស៊ី តែម្តង​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បែក​ខ្ញែក រវាង​ក្រុម​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា​៕​