សម្តេច ស ខេង​៖ ការអនុវត្ត​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ចុង​សប្តាហ៍​នេះ ជៀស​មិន​ផុតពី​ការប៉ះពាល់​លើ​អ្នកបើកបរ​ខ្លះ​នោះទេ​

ភ្នំពេញ: ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​បញ្ជាក់ថា សមត្ថកិច្ច​នៅ​ទូទាំងប្រទេស នឹង​ចាប់ផ្តើម​អនុវត្ត និង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​ការអនុវត្ត​នេះ តឹងតែង​ជាង​មុន និង​ជៀស​មិន​ផុតពី​ការប៉ះពាល់​ខ្លះ​ទៅលើ​អ្នកបើកបរ​មួយចំនួន​នោះទេ​។

ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បានធ្វើ​ឡើង នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​ព្រះវិហារ និង​រាប់​បាត​ព្រះសង្ឃ​ចំនួន ១២៥០ អង្គ នៅ​មណ្ឌល​សុខភាព​ព្រះសង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​។

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​លើកឡើងថា មិនអាច​ឈរ​មើល​ប្រជាពលរដ្ឋ ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​សម័យ​សង្គ្រាម​ទៅទៀត ដោយសារ​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​។

សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៤.៥៩៥ លើក បាន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ ៩.៧៧៥ នាក់ ដោយ​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២.២៦៥ នាក់ ដែលមាន​ជនបរទេស​ចំនួន ២០​នាក់ និង​រងរបួស ៧.៥១០ នាក់ ( របួសធ្ងន់ ៤.៤១៣ នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​សភាពការណ៍​គ្រោះថ្នាក់ និង​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៥៕​

សម្តេច ស ខេង​៖ ការអនុវត្ត​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ចុង​សប្តាហ៍​នេះ ជៀស​មិន​ផុតពី​ការប៉ះពាល់​លើ​អ្នកបើកបរ​ខ្លះ​នោះទេ​