ជនបរទេស ដែល​ប៉ូលិសអន្តោប្រវេសន៍ ចាប់​បណ្តេញ​ចេញពី​កម្ពុជា នៅ​ឆ្នាំ​២០១៥ មាន ៤៤២៤ នាក់​

ភ្នំពេញ: ​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ បង្ហាញថា ជនបរទេស ដែល​បាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ មាន​ចំនួន ៤.៤២៤ នាក់ ( ស្រី ៥៧៦ នាក់ ) មាន ៤៩ សញ្ជាតិ​។ ក្នុងចំណោម​ជនបរទេស​ទាំង ៤.៤២៤ នាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា គឺមាន​ជនជាតិ​វៀតណាម ចំនួន ៣.៩៧៨ នាក់ ( ស្រី ៥៣៧ នាក់ )​។​
​    ​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ​នេះ​ថា ស្ថិតិ​ជនបរទេស​ដែល​បាន​បណ្តេញចេញ​ប្រចាំឆ្នាំ​២០១៤ មាន​ចំនួន ១.៣០៧ នាក់ ( ស្រី ២៧៧​នាក់ ) មាន ២៤ សញ្ជាតិ ដោយ​ក្នុងនោះ មាន​ជនជាតិ​វៀតណាម មាន​ចំនួន ១.០៥៩ នាក់ ( ស្រី ២៤៥ នាក់ )​។

​លោក​ប្រធាន​នាយកដ្ឋាន ក៏បាន​បញ្ជាក់ថា ចំនួន​ជនបរទេស ដែល​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ សរុប មាន​ចំនួន ៥.៧៣១ នាក់ ( ស្រី​មាន​ចំនួន ៨៥៣ នាក់ ) មាន ៥២ សញ្ជាតិ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន ៥.០៣៧ នាក់ ( ស្រី​មាន​ចំនួន ៧៨២ នាក់ )៕​