ក្មេង​ស្ទាវ​​ជំនាញ​ខាង​លួចចំនួន​៣នាក់​អស់​ល​ក្ខណ៍ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្ត​​សៀម​រាប

ខេត្តសៀមរាប ​៖ ក្រុម​ក្មេង​ស្ទាវ​ជំនាញ​ខាង​លួចចំនួន​៣នាក់​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​​ឃាត់ខ្លួន​បាន​​​ជា​បន្តបន្ទាប់ ​ខណៈ​ពួក​គេ​លួច​ទ្រព្យសម្បត្តិពី​ផ្ទះសំណាក់អង្គរ​ខ្មែរ​មេ​ហ្សុ​ង បម្រុង​យក​មក​លក់​ឱ្យ​តាម​ហាង​។

ហេតុ​ការណ៍​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​លួច​ទ្រព្យសម្បត្តិ​របស់​ផ្ទះសំណាក់យីហោ​អង្គរ​ខ្មែរ​មេ​ហ្សុ​ង​​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​១​ទៅ​ម៉ោង​២​ និង​៣០​នាទី​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ធ្នូ ២០១៥ ​នៅ​ចំណុច​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌កងរាជអាវុធហត្ថ​ខេត្ត​។

លោក​វរសេនីយ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ស្ទាវ​ដែល​ជំនាញ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ខាងលើ​នេះ គឺ​យោង​តាម​បទបញ្ជា​លោក ឧត្តមសេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​​។

ក្រោយ​ពេល​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​រួម​​មាន​កុំ​ព្យួរ​ទ័​រ​យួរដៃ​ម៉ាក​DELL​ ចំនួន​១​គ្រឿង​ ពណ៌​ខៀវ និង​កុំ​ព្យួរ​ទ័​រ​យួរដៃ​ម៉ាក ​ACER ចំនួន​១​គ្រឿង​ ពណ៌​ទឹកប្រាក់​,​ ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​សៀមរាប ១S.០២១០,​ ប្រអប់​ដាក់​ប្រាក់​ធីប ចំនួន​១​​៕