អ្នកនាង​ ប៉ែន សុផានី រៀបចំមង្គលការប្អូនស្រីចូល​រួម​ដោយ​ភ្ញៀវ​ជាតារាបាត់​មុខ​រាប់​ឆ្នាំ​

រាជធានីភ្នំពេញ ៖ ​ អ្នក​នាង​ប៉ែន សុ​ផា​នី​ បាន​រៀបចំ​មង្គលការ​ប្អូនស្រីបង្កើត ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ​២០១៥ នៅ​ភោជនីយដ្ឋាន «​ឡាក់​គី​ស្តារ» ​រាជធានី​ភ្នំពេញ ​។​

ពិធី​សិរី​មង្គល​នេះ ​បានការ​ចូលរួម​ពី​តារា​ចាស់​ថ្មី​ជា​ច្រើន​ ធ្វើ​ឱ្យ​យ​ផ្អើល​តំបន់​​នោះ​ផង​ដែរ​ ។​ ជា​ពិសេស ​មហាជន​​ ក៏​​ដូច​ជាតា​រា​ជើង​ថ្មី​ ដែល​កំពុង​ល្បីឈ្មោះ​ម្នាក់​ៗ​ ភ្ញាក់ផ្អើល​ពេល​បានឃើញ​វត្តមាន​តារា​បាត់​មុខ​ល្បី​ៗ​​ជា​ច្រើន​ដួង​ បង្ហាញមុខ​ព្រម​គ្នា​មិន​ធ្លាប់​មាន​។

ពិធី​រៀប​មង្គលការ​របស់​ប្អូនស្រី​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​ប៉ែន សុ​ផា​នី​ នេះ​ ចាត់​ទុក​ថា​ ជា​រឿង​មួយ​កត់សម្គាល់​ខ្លាំង​គួរសម​​ដែរ​ព្រោះ​ថា​ ក្រៅពី​​​វត្តមាន​តារា​រលក​ក្រោយ​លេចធ្លោ​ជា​ច្រើន​ដួង​បាន​ផ្តល់​កិត្តិយស​ក្នុង​នោះ​ក៍​មាន​តារា​ជើង​ចាស់​ល្បីល្បាញ​មួយ​ចំនួន​លេចធ្លោ ​ក្នុង​កម្មវិធី​រីករាយ​ប្រកបដោយ​មង្គល​នេះ​ដែរ​។​អ្វី​ដែល​ពិសេស​នោះ​តារាភាពយន្ត​ជើង​ចាស់​ឆ្នើម​ៗ​ពី​មុន​ដែល​គេ​មិន​នឹក​ស្មាន​ថា ​បាន​ជួប​នោះ​បាន​បង្ហាញខ្លួន​ខ្លះ​ជិះ​យន្តហោះ​មក​ហូប​ការ​ប្អូនស្រី​ប៉ែន សុ​ផា​នី​ព្រោះតែ​ការ​រាប់អាន​។​

តារា​ដែល​កម្រ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​រួម​មាន​តារា​សម្តែង​កែវ កល្យាណ អតីត​តារា​សម្តែង​និង​ជាប់​ឈ្មោះ​តារា​យេ​រ​ៗ​ឆ្នាំ​៩៣​អ្នក​នាង​ទូច វ​លក្ខណ៍​បច្ចុប្បន្ន​នៅ​អូស្ត្រាលី និង​អតីត​តារាចម្រៀង​ពូកែ​ខាង​ច្រៀង​បទ​ចិន​បទ​ភាសា​អង់គ្លេស​អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា​​ជាដើម​។​

ទោះបីជា​យ៉ាងណា​ តារា​ទាំង​៣​ដួង​ ដែល​បាត់​មុខ​នោះ​ ត្រូវ​គេ​មើលឃើញ​ថា​ មានការ​ប្រែប្រួល​រូប​សម្រស់​​តាម​រយៈ​ពេល​វេលា​ដោយ​​សារ​តែ​ម្នាក់​ៗ​ ជួប​ត្រើយ​សុភមង្គល​ក្នុង​គ្រួសារ​មាន​កូនចៅ​បីបាច់​ថែរក្សា​យ៉ាង​កក់ក្តៅ ​។