បោះ​ជំហាន​ទៅ​មុខ ត្រូវការ​បង្គោល​ព្រំដែន​បន្ថែម​1500​ទៀត​ជាមួយ​ភាគី​វៀតណាម

ខេត្តរតនគិរី ៖ ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណាត់​ផ្លូវ​ប្រវែង​៤៥០​ម៉ែត្រ ដែល​បាន​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ជា​លទ្ធផល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀ​ន តាន់​យុង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​សហការ​និង​ពួតដៃគ្នា​អនុវត្ត​តាម​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ចុះ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១១ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំង​ពីរ ជា​ការ​បើកផ្លូវ​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ទម្លាយ​បានការ​រាំងស្ទះ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ឆ្ពោះទៅ​បញ្ចប់​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​ទាំងស្រុង​នា​ពេល​ខាង​មុខ ។

នៅ​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០​និង​កំណាត់​ផ្លូវ​ប្រវែង​៤៥០​ម៉ែត្រ នៅ​ស្រុក​អូរ​យា​៉​ដាវ ខេត្តរតនគិរី និង​ស្រុក​ឡេ​ថា​ញ់ ខេត្ត​យ៉ា​ឡាយ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀ​ន តាន់​យុង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​មានការ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ មន្ត្រីរាជការ​ប្រទេស​ទាំង​ពីរ​យ៉ាងច្រើន​កុះករ ។

លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក បានឱ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​និង​បោះបង្គោល​ព្រំដែន បាន​ចាប់​អនុវត្ត​ការងារ​បោះបង្គោល​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​នៅ​ខែមិថុនា ឆ្នាំ​២០០៦ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១១​ឆ្នាំ​ហើយ ដោយ​សម្រេច​បាន​លទ្ធផល​ជាង​៨៣%​នៃ​ខ្សែ​ព្រំដែន សរុប​ជាង​១.២០០​គីឡូម៉ែត្រ ។ បង្គោល​ព្រំដែន​លេខ​៣០ និង​លេខ​២៧៥​នៅ​ច្រក​ទ្វារ​ភ្នំ​ដិ​ន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាង​យា​៉​ង ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ទីតាំង​នា​ខែឧសភា ឆ្នាំ​២០១១ ហើយ​ត្រូវ​បាន​ដាក់​ជូន​សម្ពោធ​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​នា​ថ្ងៃនេះ ។

លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសា​ន៍​បន្ត​ថា ទំហំ​ការងារ​ដែល​នឹង​ត្រូវ​បន្ត​ធ្វើ​នា​ពេល​ខាង​មុខ​នៅ​មាន​ច្រើន​ទៀត គឺ​ប្រទេស​យើង​ទាំង​ពីរ​ត្រូវ​បន្ត​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ និង​ត្រូវ​ធ្វើការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ចំនួន​១.៥០០​បង្គោល​បន្ថែម​ទៀត​នៅ​លើ​ដី​ជាក់ស្តែង ។

ក្នុង​នាម​យើងខ្ញុំ​ជា​សហ​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ សូម​ធ្វើការ​ប្តេជ្ញា​ចំពោះ​សម្តេច​តេ​ជោ និង​លោកនាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ថា នឹង​ខិតខំ​អនុវត្ត​ឱ្យ​បាន​សម្រេច​ការងារ​ដែល​នៅ​សេសសល់​ទាំង​អស់នោះ​ឱ្យ​អស់ពី​លទ្ធភាព ហើយ​យើងខ្ញុំ​សង្ឃឹមថា នឹង​បញ្ចប់​បានការ​ងារ​នេះ​ទាំងស្រុង​នា​ពេល​ខាង​មុខ ។

លោក ង្វៀ​ន តាន់​យុង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​រូប​លោក ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន ។ ប្រការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​បង្ហាញ​នូវ​ភាព​ម៉ឺង​ម៉ា​ត់ ការ​ប្តេជ្ញា​ចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ា​ង​ច្រើន​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​វៀតណាម​-​កម្ពុជា ក្នុង​ការ​អនុវត្ត​នូវ​កិច្ចសន្យា​ក៏​ដូច​ជា​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ស្តី​ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

លោកនាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ខណ្ឌសីមា បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បណ្តា​ក្រសួង អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ  ដែល​បាន​ខិតខំ​ប្រឹងប្រែង​យា​៉​ង​ច្រើន​ក្នុង​ការ​បំពេញ​ឱ្យ​បាន​ល្អ​លើ​ការ​បោះបង្គោល​សីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​កន្លង​មក ។

នៅ​ពេល​ខាង​មុខ​នេះ យើង​មានការ​ងារ​យ៉ា​ង​ច្រើន​ត្រូវ​ខិតខំ​បំពេញ ដើម្បី​បញ្ចប់​ភារកិច្ច​ដ៏​មាន​សារសំខាន់​នេះ ។ លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មេត្តា​រួម​ជាមួយ​គ្នា ដើម្បី​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​គណៈកម្មការ​ខណ្ឌសីមា​បោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត រួម​សហការ​យា​៉​ង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​បន្ថែម​ទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជំរុញ​ដើម្បី​ឱ្យ​បញ្ចប់​កិច្ចការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ វៀតណាម​-​កម្ពុជា ដើម្បី​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍​រួម​ជាមួយ​គ្នា ហើយ​មានការ​ពិសោធន៍​ប្រកបដោយ​ស្ថិរភាព សម្រាប់​ជំនាន់​បច្ចុប្បន្ន​នេះ និង​សម្រាប់​ពេល​ក្រោយ​ៗ​ទៀត​រវាង​ប្រទេស​យើង​ទាំង​ពីរ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​កា ការ​សម្ពោធ​បង្គោល​ព្រំដែន​ជា​បន្តបន្ទាប់​នេះ កឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​រវាង​ប្រទេស​យើង​ទាំង​ពីរ ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​ព្រំដែន​ទាំងស្រុង​នា​ពេល​ខាង​មុខ ។

សមិទ្ធផល​ប្រវត្តិសាស្ត្រ​នៅ​ពេល​នេះ នឹង​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​មាន​ភាព​ត្រឹមត្រូវ និង​ច្បាស់លាស់​របស់​យើង​ឱ្យទៅ​ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ជាមួយនឹង​ទស្សនវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការងារ​បោះបង្គោល​ព្រំដែន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​មានការ​ទទួលស្គាល់​ពេញលេញ​តាម​ផ្លូវច្បាប់ ។

ខ្ញុំ​សូម​គូសបញ្ជាក់​ជា​ថ្មី​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ត្រឹមត្រូវ​និង​ច្បាស់លាស់ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​ការ​អនុវត្ត​ជា​អន្តរជាតិ​ស្តី​ពី​ការ​ទទួលស្គាល់​ខ្សែ​ព្រំដែន​មិន​កែប្រែ ដែល​អាណានិគមនិយម​បារាំង​បន្សល់​ទុក​ឱ្យ ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រប់​ជំនាន់​ជា​បន្តបន្ទាប់ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នេះ​រហូត​មក ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ រវាង​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​បរិការណ៍​នេះ ខ្ញុំ​យល់​ថា ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​យើង​នៅ​ពេល​នេះ គឺជា​សក្ខីកម្ម​ថ្មី​មួយទៀត​ដែល​គូសបញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​យើង​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ពង្រឹងពង្រីក​ចំណង​សាមគ្គីភាព​ជា​អ្នក​ជិតខាង​ភូមិ​ផង​របង​ជាមួយ ដែល​មាន​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​រួម​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​សមាហរណកម្ម​តំបន់ ទាំង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អ​ភ​វិ​ឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន​របស់​ប្រទេស​យើង​នីមួយ​ៗ ។

ច្បាស់​ណាស់ អ្វី​ដែល​យើង​សម្រេច​បាន​មកនេះ ទាំង​ក្នុង​កិច្ចការ​កំណត់​និង​បោះបង្គោល​ព្រំដែន ទាំង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ គឺ​កើតមក​ដោយសារ​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​ក្នុង​ស្មារតី​សហការ​ដោយ​ស្មោះ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ចំណាយពេល​អស់​រាប់​សិប​ឆ្នាំ ។
ដូច្នេះ គឺជា​ប្រការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​សម្រេច​បាន​មកនេះ កំណត់​ឱ្យ​បាន​ច្បាស់​និង​ប្រកបដោយ​ភាព​ប្រាកដនិយម​នូវ​ទិស​ដៅ​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ដើម្បី​បន្ត​រួម​គ្នា​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ពុះពារ​ជម្នះ​នូវ​ឧបសគ្គ និង​ការ​លំបាក​តូច​ធំ​ទាំងពួង ហើយ​ឈោង​ចាប់​យក​ឱកាស​ដែល​កើត​មាន​ឡើង​ចំពោះ​មុខ មក​ប្រើប្រាស់​ឱ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ឧត្ដម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជន​យើង​ទាំង​ពីរ ៕