ស៊ូ យ៉ាទី ​បង្ហាញ​អាជីព​២​ទៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​បាល់​ទាត់


ស៊ូ យ៉ាទី ​បង្ហាញ​អាជីព​២​ទៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​បាល់​ទាត់

អ្នក​ចាំ​ទី​ដៃ​ស្អិត​ ស៊ូ យ៉ាទី ​របស់​ក្រុម​បឹង​កេត​អង្គរ ​បាន​បង្ហាញ​អាជីព​២​ដែល​ខ្លួន​ចង់​ធ្វើ​នៅ​ពេល​ឈប់​លេង​បាល់​ទាត់​ទៅ​គឺ​ទី​មួយ​ធ្វើ​ជា​គ្រូ​បង្វឹក​ និង​ទី​២​បើក​កន្លែង​លក់​ភេសជ្ជៈ។

 

ស៊ូ យ៉ាទី ​បង្ហាញ​អាជីព​២​ទៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​បាល់​ទាត់

 

យ៉ាទី ​ដែល​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្លិប​បឹង​កេត ​បាន​គិត​ពី​អនាគត​របស់​ខ្លួន​រួច​ជា​ស្រេច​ហើយ ពោល​គឺ​បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៅ រូបគេ​នឹង​ចាប់​ផ្ដើម​អនាគត​ថ្មី​មួយ​ទៀត​ភ្លាម។ ដោយ​អនាគត​ថ្មី​របស់ អ្នក​ចាំទី​សក់​ទង់ដែង​រូប​នេះ​គឺ​ទី​មួយ រូបគេ​ចង់​ទៅ​រៀន​ធ្វើ​ជា​គ្រូ​បង្វឹក​ខាង​បាល់ទាត់ ដែល​ជា​អាជីព​ស្រលាញ់​តាំង​ពី​ដើម។ ចំណែក​ទី​​២​គឺ​ចង់​បង្កើត​របរ​រក​ស៊ី​មួយ ដោយ​បើក​ជា​កន្លែង​លក់​ភេសជ្ជៈ​ផ្សេង​ៗ។

 

អ្នក​ចាំ​ទី​ឆ្នើម​របស់​បឹង​កេត​រូប​នេះ ធ្លាប់​លេង​នៅ​ក្រុម​​ក្រសួង​ការពារ​ជាតិ ​មុន​ផ្លាស់​ទៅ​ជួយ​ក្រុម​ភ្នំពេញ​ក្រោន​លើក​ពាន​លីក​កំពូល​កម្ពុជា​លើក​ទី​៥ កាល​ពី​រដូវ​កាល​មុន ​បន្ទាប់​មក​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១៥​នេះ រូប​គេ​ក៏​ផ្លាស់​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​បឹង​កេត​អង្គរ។

 

ស៊ូ យ៉ាទី ប្រឡង​ជាប់​​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​​(​បាក់ឌុប​)​ឆ្នាំ​២០០៦ រួច​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​ ២០០៦-២០០៧​ផ្នែក​សេដ្ឋកិច្ច​។ ​បន្ទាប់​មក​​អ្នក​ចាំ​ទី​រូប​នេះ​​​ផ្លាស់​ពី​សាលា​​ជាតិ​គ្រប់​គ្រង​ទៅ​ សាកល​វិទ្យាល័យ​បៀលប្រាយ​ផ្នែក​សេដ្ឋកិច្ច​ដូច​គ្នា​ នឹង​បន្ត​ការ​សិក្សា​បាន២​ឆ្នាំ​ក៏​ឈប់​រៀន​តែ​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ