​Victory ផ្តួល​ក្រុម Ovmal ដើម្បី​បន្ត​លើក​ពាន​ស្ពនស័រ ប្រចាំ​ឆ្នាំ​២០១៥

នៅ​ទី​បំផុត​ក្រុម Victory FC បាន​បន្ត​លើក​ពាន​រង្វាន់​ភេសជ្ជៈស្ពនស័រ ​ប្រចាំ​ឆ្នាំ ២០១៥ (Sponsor Futsal Cup 2015) ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​ពួក​គេ​បាន​ផ្តួល​ក្រុម​ Ovmal True Brand ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​លើ​តារាង​សិប្បនិម្មិត Premium Sport Club ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

sponsor-001

សម្រាប់​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ រវាង​ក្រុម​ខ្លាំងៗ​ចំនួន​១០ តំណាង​ឲ្យ​មណ្ឌល​ចំនួន​៥រួម​មាន​មណ្ឌល​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប ខេត្ត​ព្រះសីហនុ និង​មណ្ឌល​ខេត្ត​កំពង់​ចាម ​កាល​ពី​​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ក្រុម​ Victory FC បាន​​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​A ខណៈ​ក្រុម Ovmal True Brand បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​B។
ចំណែក​ការ​ប្រកួត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Victory បាន​ឈ្នះ​ក្រុមលេខ​២​ពូB LEGENDS FC ៤-៣ និង​ក្រុម Ovmal បាន​ឈ្នះ​ក្រុមលេខ​២​ពូល​A ​សៀម​រាបអេហ្វស៊ី ៣-២ ហើយ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មាន​ប្រភព​ចេញ​ពី​មណ្ឌល​ភ្នំពេញ​តែ​មួយ​នេះ ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ក្រុម Victory នៅ​តែ​​អាច​យក​ឈ្នះ​លើ​ក្រុម Ovmal ដដែល គឺ​ក្នុង​លទ្ធ​ផល ៣-២ ដើម្បី​​លើក​ពាន​ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​នេះ។ រីឯ​ក្រុម​សៀម​រាប​អេហ្វស៊ី ក៏​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​មក​ពី​មណ្ឌល​ខេត្ត​ព្រះសីហនុជាមួយ​គ្នា ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

sponsor-002 sponsor-003
ជាមួយ​លទ្ធ​ផល​នេះ ក្រុម​ម្ចាស់​ជើង​ឯក Victory FC ​ទទួល​បាន​ប្រាក់​៨​លាន​រៀល ក្រុម​លេខ​២​ Ovmal បាន​៦​លាន​រៀល ក្រុម​លេខ​៣​ សៀម​រាបអេហ្វស៊ី បាន​៤​លាន​រៀល។ បន្ថែម​លើ​នេះ​ក្រុម​សៀម​រាបអេហ្វស៊ី ក៏​ទទួល​បាន​ប្រាក់​៥០ម៉ឺន​រៀល ក្នុង​នាម​ជា​ក្រុម Fair Play ប្រចាំ​ព្រឹត្តិការណ៍​ផង​ដែរ រីឯ​ក្រុម​ចំនួន​៧​ទៀត ដែល​បាន​ធ្លាក់​នៅ​ក្នុង​ការ​ប្រកួត​នេះ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ក្នុង​១​ក្រុមៗ​ចំនួន​២​លាន​រៀល​ដូច​គ្នា ខណៈ​កីឡាករ Timothy Okereke​ មក​ពី​ក្រុម​ LEGENDS FC ទទួល​បាន​ប្រាក់​១​លាន​រៀល ក្នុង​នាម​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ(​20គ្រាប់) ហើយ​ក្រុម​ទាំង​១០​នេះក៏​ទទួល​បាន​ភេសជ្ជៈ​ក្នុង​១​ក្រុមៗ​ចំនួន​៦​កេស​ផង​ដែរ៕

sponsor-004 sponsor-005 sponsor-006 sponsor-007