ឃាត់ខ្លួន​មនុស្ស​៨​នាក់ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀននៅ​ស្រុក​ពារាំង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់ ព្រមទាំង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៧​នាក់ ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំងបង្ក្រាប ​និង​ចាប់​ឃាត់ខ្លួន រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅក្រាម​ពណ៌​ស​ចំនួន​៧​កញ្ចប់ ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ប្រមូលផ្តុំ​គ្នា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។

ប្រតិបត្តិការ​​​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី២៧ ​ធ្នូ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ សំ​រិ​ទ្ធិ ស្រី​ពេជ្រ ដែល​ស្ថិត​ក្នុងភូមិ​ពោ​ធ៌​សា​បាង ឃុំ​រាប ស្រុក​ពារាំង​​។

​យោង​តាម​ប្រភព​ព័ត៌​មានពី​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​បានឱ្យដឹង​ថា ​​មុន​ពេល​​​ឈាន​ទៅ​ដល់​ការ​ចូល​ក្រ​សាបទាំង​អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ទាំងអស់​នេះ គឺ​សមត្ថកិច្ច​បាន​តាមដាន​ស្ត្រី​ជា​អ្នក​ចែកចាយ ចំនួន​៤-៥​ថ្ងៃ​រួច​មក​ហើយ ព្រោះ​ស្ត្រី​រូបនេះ​ជា​មនុស្ស​ប្លែក​មុខ គ្មាន​គោលដៅ​ច្បាស់លាស់ ម្តង​ទៅ​ម្តុំ​នេះ ម្តង​ទៅ​ម្តុំ​នោះ រហូត​ដល់ម៉ោង​១១-១២​យប់​ទើប​ទៅ​រក​ផ្ទះសំណាក់​ដេក ហើយ​ជំ​ហាន​ដំបូង​សមត្ថកិច្ច​សង្ស័យ​ថា អាច​ជា​បណ្តាញ​របស់​ក្រុម​ចោរ ទើប​តាម​ឃ្លាំមើល​រហូត​។

លុះ​មក​ដល់​ល្ងាច​មុន​ពេល​ត្រូវឃាត់ខ្លួន ម្ចាស់ផ្ទះ​សំណាក់​សំ​រិ​ទ្ធិ​ស្រី​ពេជ្រ​បាន​រាយ​ការ​ណ៍មក​ប្រាប់​ថា មាន​ក្មេង​មក​កក់​បន្ទប់​ជួល​​ឱ្យស្ត្រី​រូប​នេះ​ដេក ទើប​សមត្ថកិច្ច​ដាក់​កំលាំង​បង្កប់​ចាំ​ឃ្លាំមើល ហើយ​ក៏​ឃើញ​ស្ត្រី​រូប​នេះ​ចូល​មក​ដេក​មែន គឺ​នៅ​បន្ទប់​លេខ​៦ ហើយ​រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទីល្ងាច​ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​ចំនួន​៧​នាក់ ចូល​ទៅ​ក្នុង​បន្ទប់​នោះ​ទៀត ទើប​សមត្ថកិច្ច​ចូល​ក្រសោប​ចាប់​បាន​ទាំងអស់​តែ​ម្តង​៕