អំពើ​ពាលា​អាវាសែ​កំពុង​រាលដាល​នៅ​ក្រុង​ពោធិ៍សាត់ មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន និង​ក្លឹប​កម្សាន្ត​ពាលា​អាវាសែ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ មាតាបិតា​អាណាព្យាបាល​សិស្ស​ក្នុង​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លែង​កម្សាន្ត​មាន​យីហោ​មី​នី​ក្លឹប​ឬ​ស្លា​មាស កំពុងបើក​ដំណើរការ​យ៉ាង​រលូន​នៅជាប់​របង​សារមន្ទីរ​ខេត្តពោធិ៍សាត់ ពង្វក់​សិស្សានុសិស្ស​ឲ្យ​ភ្លេច​ការរៀនសូត្រ​និង​ឈ្លក់​វង្វេង​ជាមួយ​អំពើ​ពាលា​អាវាសែ​។ បញ្ហា​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ គួរ​ចាត់វិធានការ​ពិនិត្យឡើងវិញ​ផងដែរ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ក្លឹប​កម្សាន្ត​ខាងលើ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​សិស្សានុសិស្ស​ក្មេងៗ​ជាច្រើន​ដែល​មិនទាន់​ពេញវ័យ​បាន​ចូលទៅ​ផឹកស៊ី​រាំ​ឱប​ញាក់​ក​ន្ទ្រា​ក់​តាម​ចង្វាក់​ភ្លេងបរទេស​ភ្លេច​ការរៀនសូត្រ ភ្លេច​សាលារៀន​។ ជាងនេះទៅទៀត​ពេលខ្លះ​ដោយសារតែ​ការ​រាំ​ជាន់ជើងគ្នា​នៅក្នុង​ក្លឹប​ទើប​ក្មេងស្ទាវៗ​ទាំងនោះ មាន​ប្រុស មាន​ស្រី ឈ្លោះទាស់ទែង​កាប់​ចាក់​គ្នា​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​ពោធិ៍សាត់ បែរជា​ជួយ​បិទបាំង​ទៅវិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ បែរជា​បណ្ដោយ​ឲ្យ​មាន​ក្លឹប​កម្សាន្ត​នៅជាប់​របង​សារមន្ទីរ​ខេត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​ខ្មែរ​តាំងពី​ដូនតា​មក​។

មាតាបិតា​អាណាព្យាបាល​សិស្ស​មួយចំនួន​បាន​ឲ្យ​ដឹងថា កូនស្រី​ពួកគាត់​មាន​អាយុ​ពី​១៣​ទៅ​១៦​ឆ្នាំ កំពុង​វក់​នឹង​កន្លែង​កម្សាន្ត​មី​នី​ក្លឹប មិន​ស្ដាប់បង្គាប់​ឪពុកម្ដាយ​តទៅទៀត​ទេ ហើយ​តែងតែ​នាំគ្នា​ពពាក់ពពូន​ចូលទៅ​រាំ​ក្នុង​ក្លឹប​នោះ​យ៉ាង​អាវាសែ​។ អាណាព្យាបាល​សិស្ស​ខ្លះ​សង្ស័យថា នៅក្នុង​ក្លឹប​នេះ​មានការ​ប្រើប្រាស់​គ្រឿងញៀន​លាយ​ក្នុង​ស្រា​បៀរ​ឬ​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ទើប​ធ្វើ​ឲ្យ​កូនចៅ​របស់​ពួកគាត់​ឆ្កួត​វង្វេង ហើយ​ជួនកាល​ពេលយប់​ជ្រៅ​ចេញពី​ក្លឹប​ស្រែក​ឡូឡា​តាមផ្លូវ​មិន​ខុសពី​មនុស្ស​ឆ្កួត​នោះទេ​។ ដូច្នេះ​អាជ្ញាធរ​ក្រុង​ពោធិ៍សាត់ ក៏ដូចជា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ គួរ​ចាត់វិធានការ​ពិនិត្យមើល​ក្លឹប​កម្សាន្ត​ពាលា​អាវាសែ​នោះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​យុវជន​តទៅទៀត​៕

1422472_1648325135416980_6060899786859484980_n 1936650_1648325068750320_2178797805313770023_n
​ ​