​​​បេក្ខ​​​ជន​​​១២៤​​​រូប​​​​ដាក់​​​ពាក្យ​​​​សម្រាប់​​​​ ​​​តួនាទី​​​​ជាន់​​​ខ្ពស់​​​​នៅ​​​​​​​ស្ថាប័ន​​​​បោះ​​​​ឆ្នោត​​​

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត (គ.ជ.ប.)​​​ បាន​​​បញ្ចប់​​​ការ​​​ប្រកាស​រយៈ​​​ពេល​​​១០ថ្ងៃ​សម្រាប់​​​ការ​ដាក់​​​ពាក្យ​​​សម្រាប់​តួនាទី​​​រដ្ឋបាល​​​ជាន់ខ្ពស់ ដោយមាន​​​​​​​ពាក្យសុំ​១២៤​​​ច្បាប់ត្រូវបាន​ដាក់ជូន​ នេះបើតាម​ស្ថាប័ននេះ​បានលើក​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ដោយ​​​អគ្គ​លេខាធិការ​​​មួយ​​​រូប​​​ និង​​​អគ្គលេខាធិការ​​​រង​​​បួន​​​រូប​​​​​​គ្រោងនឹង​​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​។

លោក នី ចរិយា សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ឆ្នើម​​​មួយ​​​រូប​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បុគ្គលិក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​ប្រធាន​​​មួយ​ចំនួន​​​​ទៀត​​​ដែល​​​បានដាក់ពាក្យ​​​​​​​​​សម្រាប់​​​តួនាទី​​​ថ្នាក់​​​ដឹក​​​នាំ​​​នៅ គ.ជ.ប.​​​នេះ​។

លោក ហង្ស ពុទ្ធា អ្នក​​​​​​នាំពាក្យ​​​ស្ថាប័ន​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលវិភាគ​សម្រាប់​ការ​ជ្រើស​រើសនេះ​មិន​​​ទាន់​​​កំណត់​​​​​​នៅ​​​ឡើយ​​​ទេ ហើយ​​​ថា អ្នក​​​ដាក់​​​ពាក្យ​​​ទាំង​​​អស់​​​ភាគ​​​ច្រើន​​​មក​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ គណបក្ស​​​នយោបាយ និង​​​សាកល​​​វិទ្យាល័យ​​​នានា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​អគ្គលេខាធិការ​​​ និង​​​អគ្គលេខាធិការ​​​រង​​​បច្ចុប្បន្ន​​​ក៏​​​បាន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​តួនាទី​​​នេះ​​​ដែរ​​​”។

លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ.ប.​​​បច្ចុប្បន្ន​​​បាន​​​បញ្ជាក់​​​អះ​​​អាង​​​ថា លោក​​​បាន​​​​​​ដាក់​​​ពាក្យ​​​សម្រាប់​​​តួនាទីនេះ​​​ជាថ្មី​ម្តង​​​ទៀត ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។

លោក ទេព នីថា ដែល​​​ត្រូវ​​​បាន​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​គណបក្ស​​​ប្រឆាំង​​​ចំពោះ​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​កន្លង​​​មក​​​ ដែល​​​ការ​​​បោះ​​​​​​ឆ្នោត​​​ទាំង​​នោះ​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើងដើម្បី​​​គាំទ្រ​​​គណបក្ស​​​ប្រជាជ​ន​​​កម្ពុជា​​​នោះ​ បានមាន​ប្រសាសន៍ថា “ខ្ញុំ​​​គ្រាន់​​​តែជា​​​បេក្ខ​​​ជន​​​មួយ​​​រូប​​​ប៉ុណ្ណោះ​​​ ហើយ​​​នៅ​​​ពេល​​​​​​ឆាប់​​​ៗ​​​នេះ​​​ពួក​​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ចង់​​​ធ្វើ​​​អត្ថា​ធិប្បាយអ្វី​​​​អំពី​​រឿងនោះ​​​ដែរ​​”។

ក្នុង​​​ចំណោម​​​អ្នក​​​ដាក់​​​ពាក្យ​​​ពី​​​ខាង​​ក្រៅគឺលោក នី ចរិយា ជា​ប្រធាន​​​​​​ផ្នែក​​​ស៊ើប​អង្កេត​​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ ដែល​​​រង​​​ការ​​​រិះ​​​គន់​​​។ បច្ចុប្បន្ន​​​នេះ លោក នី ចរិយា កំពុង​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារ​​​កេរ្តិ៍ និ​​​ងព្យាយាម​​​​បង្វិត​បង្ខំ​​​មន្ត្រី​​​តុលាការ​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​កំហឹង​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អន្តរ​​​ជាតិ និង​​​អ្នក​​​គាំទ្រ​​​ដែល​​​លើកឡើង​​​​ថាជា​ហេតុ​ផល​នយោបាយ​​​។

លោក នី ចរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ គិត​​​ថា លោក​​​មានឱកាស​​​ក្នុង​​ការ​​​ទទួល​​​បាន​​​តួនាទី​​​មួយ​​​ក្នុង​​​ចំណោម​​​តួនាទី​​​អគ្គលេខាធិការ​​​រង​​​ទាំង​​​បួន ហើយលោក​​ប៉ាន់ប្រមាណ​​​ថា លោក​​​ត្រូវ​​​ការ​​​រយៈ​​​ពេល​​​ប្រហែល​​​កន្លះឆ្នាំ​​​ដើម្បី​​​បង្កើន​​​ចំណេះ​ដឹង​​​របស់​​​លោក​​​ទាក់​​​ទង​​​ការ​​​បោះឆ្នោត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ការ​​​ងារ​​​មុន​​​ៗ​​​របស់​​​ខ្ញុំ​​​គឺ​​​មិន​​​ទាក់​​​ទង​​​ការ​​​បោះឆ្នោត​​​ទាំង​​​ស្រុង​​​នោះ​​​ទេ
ប៉ុន្តែ ខ្ញុំ​​​មាន​​​ចំណេះដ​​​ឹង​​​មួយ​​​ចំនួន​​​ទាក់ទង​​​​ការ​​​បោះ​​​ឆ្នោត​​​ ដូច​​​ជា​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជា​​​ដើម​​​។
ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​ការ​​​ពេល​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ស្វែង​​​យល់​​​ឱ្យ​បាន​ច្រើន​ពី​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុ​​​ំ​​​ធ្លាប់​​​ធ្វើការ​​​ច្រើន​​​ជា​​​មួយ​​​ខុមហ្វ្រែល​​​ [គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​] ហើយ​​​ខ្ញុំ​​​មាន​​​ចំណេះ​​​ដ​​​ឹង​​​ច្រើន​ទាក់ទង​ច្បាប់​​​​បោះឆ្នោត​​​។ វា​​​ដូច​​​ជា​​​ការ​​​ប្រឡង​​​អ៊ីចឹង​​​ ដូច្នេះ​​​សង្ឃឹម​​​៥០-៥០​​​តែ​​​ប៉ុណ្ណោះ​​​”៕សារុន

 

The post ​​​បេក្ខ​​​ជន​​​១២៤​​​រូប​​​​ដាក់​​​ពាក្យ​​​​សម្រាប់​​​​ ​​​តួនាទី​​​​ជាន់​​​ខ្ពស់​​​​នៅ​​​​​​​ស្ថាប័ន​​​​បោះ​​​​ឆ្នោត​​​ appeared first on ខេមបូឌា ដេលី.