ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៨

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៨

​កូន​របស់​អ្នក ពិតជា​ធាត់​ទ្រលុកទ្រលុន​មែនហើយ​។ គេ​មាន​ទម្ងន់​ប្រហែល ៣ គីឡូ​ជាង និង​ប្រវែង​ប្រហែល ៤៩ សង់ទីម៉ែត្រ​។ គេ​ក្តាប់ដៃ​យ៉ាង​ណែន ហើយ​អ្នកនឹង​អាច​ធ្វើ​តេស្ត​ដឹង នៅពេល​គេ​ចាប់ដៃ​គេ​ជា​លើកដំបូង​! សរីរាង្គ​ទាំងអស់​របស់​គេ​ធំធាត់​អស់ហើយ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការរស់នៅ​ក្រៅ​ស្បូន​រួច​ដែរ​។

​តើ​មាន​ឆ្ងល់​ទេ​ថា​តើ ភ្នែក​កូន​អ្នក​ពណ៌​អី​? អ្នក​ប្រហែលជា​មិន​អាច​ដឹង​ភ្លាមៗ​ទេ​។ បើសិនជា​គេ​កើតមក មាន​ភ្នែក​ពណ៌​ត្នោត វា​នៅតែ​ជា​ពណ៌​ត្នោត​រហូត​អញ្ជឹង​។ បើសិនជា​គេ​កើតមក មាន​ភ្នែក​ពណ៌​ខៀវ​ចាស់ ឬ​ប្រផេះ វា​ប្រហែលជា​នៅ​ប្រផេះ ឬ​ខៀវ​ដដែល ឬ​ប្តូរ​មក​បៃតង ខៀវ​ក្រមៅ ឬ​ត្នោត​វិញ នៅពេល​គេ​អាយុ​បាន ៩ ខែ​។ នេះ​ដោយសារ​តែ ផ្នែក​នៃ​ពណ៌​របស់​ភ្នែក ប្រហែល​ជា​បង្កើន​ការបំពាក់​ពណ៌​កាន់តែច្រើន ក្នុង​រយៈពេល​ច្រើន​ខែ ក្រោយ​ពី​សម្រាល​រួច ប៉ុន្តែ វា​ច្រើនតែ​នឹង​មិន​ខៀវ​ខ្លាំង ឬ​ពណ៌​ស្តើង​ជាង​មុន​ទេ​។ ភ្នែក​ពណ៌​បៃតង ខៀវ​ក្រ​ម៉ៅ និង​ត្នោត  មាន​ជាតិ​ពណ៌​ច្រើនជាង​ភ្នែក​ពណ៌​ប្រផេះ ឬ​ខៀវ​។

សម្រាប់​ស្ត្រី​ជាច្រើន ពួកគេ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​រង់ចាំ​។ ចូរ​ប្រើ​ពេលវេលា​នេះ ដើម្បី​រៀបចំ​កន្លែង​ថែរក្សា​កូន ឬ​យកចិត្តទុកដាក់ ទៅលើ​អ្វីៗ​ដែល​សំខាន់ ដែល​អ្នក​នឹង​មិន​អាច​ធ្វើបាន មួយរយៈ​ក្រោយ​ពី​សម្រាល​រួច​។ ចូរ​គេង​មួយស្របក់ អាន​សៀវភៅ និង​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ប្តី ដោយ​គ្មាន​ការរំខាន តាម​តែ​អាច​ធ្វើបាន​ទៅ​។ ការ​ហើម​ប្រអប់ជើង និង​កែងជើង គឺជា​រឿង​ធម្មតា​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប៉ុន្តែ ចូរ​ទាក់ទង​ទៅកាន់​គ្រូពេទ្យ​ភ្លាម បើសិន​ឃើញ​ការ​ហើម​ប្រអប់ជើង ឬ​កែងជើង​ភ្លាមៗ ឬ​ខ្លាំងក្លា ហើម​កដៃ​យូរៗ ហើម​មុខ ឬ​ជុំវិញ​ភ្នែក ឬ​ឡើង​ទម្ងន់​ភ្លាមៗ​។ ជាមួយគ្នានេះដែរ ចូរ​ឲ្យ​ពេទ្យ​ដឹង​ភ្លាម​ដែរ បើសិនជា​មាន​អា​ការៈឈឺ​ក្បាល​ខ្លាំងក្លា ឬ​ជាប់​រហូត ភ្នែក​ប្រែប្រួល (​ដូចជា​មើលឃើញ​ពីរៗ ឬ​ព្រឹល​ភ្នែក បែក​អំពិល​បំពែក ខ្លាច​ពន្លឺ ឬ​ងងឹតភ្នែក​បណ្តោះអាសន្ន​) ឈឺ ឬ​តឹង​ពោះ​ផ្នែក​ខាងលើ​ខ្លាំង ឬ​ក្អួត និង​ចង្អោរ​។ ទាំងនេះ គឺជា​រោគសញ្ញា​ធ្ងន់ធ្ងរ របស់​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ​
​ចូរ​ចាប់ផ្តើម​អាន​សៀវភៅ អំពី​ការថែទាំង​ទារក​
​បើសិន​ជា​អ្នក​មិនទាន់​ត្រៀម​ខ្លួន​រួច​ទេ ឥឡូវនេះ វា​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ការអាន​សៀវភៅ ចាប់​ពី​ការ​មាន​ផ្ទៃពោះ ដល់​ការ​មានកូន​។ អ្នក​នឹង​មិន​មាន​ពេលវេលា​ច្រើន សម្រាប់​អាន​អក្សរ​ទេ ក្រោយ​ពី​សម្រាលកូន​រួច ដូច្នេះ ចូរ​សិក្សា​រាល់​អ្វីៗ​ទាំងអស់ ដែល​អ្នក​អាច​ធ្វើបាន នៅ​ពីរ​បី​សប្តាហ៍​ដំបូង​នេះ​

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។