សម្តេចតេជោ៖ អ្នកមិនទាន់ចប់ថ្នាក់បណ្ឌិត វាយតម្លៃ សញ្ញាបត្រស្រុកខ្មែរថា អន់ តែកូនប្រសាខ្ញុំចប់បណ្ឌិត នៅបរទេសបន្ត បណ្ឌិតស្រុកខ្មែរ

ភ្នំពេញ ៖ ទោះបីជាមិនលើកឡើង ចំឈ្មោះឯកឧត្តមសម រង្ស៊ី យ៉ាងណាក្តី សម្តេចតេជោហ៊ុនសែន នាយក រដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា មានមនុស្សមួយមិនបានឲ្យតម្លៃ ចំពោះសញ្ញាបត្រនៅប្រទេសកម្ពុជា ទាស់តែសោះ។ ផ្ទុយទៅវិញអ្នកមាន សញ្ញាបត្រ ពីបរទេសបែរជាមកបន្តការសិក្សា យកថ្នាក់បណ្ឌិត នៅក្នុងស្រុកខ្មែរវិញ។

មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច សម្តេចបញ្ជាក់ថា «មនុស្សមួយមិនបានឲ្យតម្លៃសញ្ញាបត្រ នៅកម្ពុជា ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរ មិនត្រឹម តែសិស្ស និសិស្ស មិនថានៅទីនេះ ក៏ដូចជាសិស្ស ដែលរៀបបញ្ចប់ការសិក្សា និងធ្វើការនៅក្នុងឆ្នាំ១៩៧៩  ជាង នេះជាការប្រមាថចំពោះមាតា បិតាសិស្ស និងសាស្ត្រាចារ្យថែមទៀត»។

 ទោះបីជាមានការលើកឡើងថា សញ្ញាបត្រនៅកម្ពុជាមានតម្លៃយ៉ាងណាក្តី សម្តេចតេជោលើកឡើងទៀតថា កូនប្រសារបស់សម្តេច ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ខាងសុខភាពសាធារណៈ ចប់អនុបណ្ឌិតនៅអាមេរិក ផ្នែកសុខភាពសាធារណៈ  ឥឡូវមករៀនថ្នាក់បណ្ឌិតផ្នែក វិទ្យាសាស្ត្រនយោបាយ នៅស្រុកខ្មែរ ។

សម្តេចបញ្ជាក់ថា« អីចឹង អ្នកខ្លះ ខ្លួនឯងអ្នកដែលនិយាយនោះមិនទាន់មានបណ្ឌិតទេ បែរជាហ៊ានថាគេអត់តម្លៃ ឥឡូវនេះគាត់បានរៀនថ្នាក់បណ្ឌិតក្នុងស្រុកខ្មែរ  គេឲ្យតម្លៃ ចំណែកអាអ្នកដែលមិនទាន់ជាប់បណ្ឌិត បែរជាមិន ឲ្យតម្លៃសញ្ញាបត្រក្នុងស្រុកទៅវិញ អីចឹងរឿងគួរឈឺជំនួសប្អូនៗនិស្សិត»។

  គួរបញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ធ្លាប់លើកឡើងថាសញ្ញាបត្រនៅស្រុក ខ្មែរមិនមានតម្លៃនោះទេ៕