អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវ និងជួសជុលប្រាសាទគោកចក

ភ្នំពេញ៖ អ្នកជំនាញ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា ត្រូវបានគេអះអាងថា កំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងជួសជុល ពង្រឹងឡើងវិញ ដោយការងារនេះចំណាយពេលជាង១ឆ្នាំ មកហើយ ដោយចាប់ផ្តើមពីឆ្នាំ២០១៤មក។

អ្នកស្រី នេត ស៊ីមន មន្ត្រីផ្នែកបុរាណវិទ្យា បញ្ជាក់នៅព្រឹកថ្ងៃទី ២៨ ខែធ្នូនេះថា ប្រាសាទគោកចកជាសំណង់ធ្វើពីឥដ្ឋ ដែលសាងឡើងក្នុងងសតវត្សរ៍ទី៩ ក្នុងរាជ្យព្រះបាទជ័យរ្ម័នទី៣។ អ្នកស្រាវជ្រាវជនជាតិបារាំង លោក ហង់រី ម៉ាហ្សាល ធ្លាប់មក និងបានកត់ត្រា ពីការប្រទះឃើញប្រាសាទគោកចកនេះ ក្នុងឆ្នាំ១៩១៩ ហើយសាលាបារាំងចុងបូព៌ា បានចាប់ផ្តើម សម្អាតព្រៃ និងកាយដីដែលគរក្បែរប្រាសាទ ចេញជារូបរាងប្រាសាទ ច្បាស់ឡើងវិញនៅឆ្នាំ១៩៥១។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន របស់អង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃចន្ទនេះ។