ឆេះ​បន្ទប់​ខារ៉ាអូខេ ក្នុង​ភោជនីយដ្ឋាន​ស្វាយមាស ក្រុង​សៀមរាប​

​សៀមរាប: បន្ទប់​ខារ៉ាអូខេ ស្ថិតនៅក្នុង​ភោជនីយដ្ឋាន ស្វាយមាស ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ៥​និង​៣៥​នាទី ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល ពី​អ្នករស់នៅ​ជិតខាង ក៏ដូចជា​អ្នកដំណើរ​។​
​    ​
​សមត្ថកិច្ច បាន​អះអាងថា ការឆេះ​នោះ គឺ​បណ្តាលអោយ បន្ទប់​ខារ៉ាអូខេ​២​បន្ទប់ ក្នុងចំណោម​ជាច្រើន​បន្ទប់ ត្រូវបាន​ឆេះ​បំផ្លាញ​។ នៅពេល​ឆាបឆេះ​នោះ ម្ចាស់​ភោជនីយដ្ឋាន ស្វាយមាស បាន​នាំ​បុ​គ្ក​លិ​ក ក៏ដូចជា​អ្នករស់នៅ​ជិតខាង បាននាំគ្នា​ជួយ​យក​ទឹក​បាញ់ ដើម្បី​ពន្លត់ ប៉ុន្តែ​មិន​ជោគជ័យ​ទេ​។​

បន្ទាប់មក មួយសន្ទុះ​ធំ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៣​គ្រឿង គឺ​២​គ្រឿង របស់​នគរបាល​ខេត្ត និង​មួយគ្រឿង​ទៀត​របស់ កងរាជអាវុធហត្ថ​ខេត្ត ចុះទៅ​បាញ់​ពន្លត់ ដែល​ធ្វើអោយ​អគ្គិភ័យ បាន​ពន្លត់​ដោយ​ជោគជ័យ​។​
​    ​
​សមត្ថកិច្ច បាន​អះអាងថា មូលហេតុ​ឆេះ​បន្ទប់​ខារ៉ាអូខេ​នេះ គឺ​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី ។ សូមបញ្ជាក់ថា បន្ទប់​ខារ៉ាអូខេ ដែល​ឆេះ​អស់​២​បន្ទប់​នោះ ជា​បន្ទប់​ខារ៉ាអូខេ ទើបតែ​កសាង​បន្ថែម ជិត​រួចរាល់​ជា​ស្ថាពរ ហើយ​ក៏មាន​ចរន្តអគ្គិសនី​នេះ ឆេះ​ឡើង​។​
​    ​
​សមត្ថកិច្ច បាន​និយាយទៀតថា  ម្ចាស់​ហាង ឈ្មោះ ភិន លី​ណែ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ នៅ​ហាង​កើតហេតុ ខាងលើ​តែម្តង​។ សមត្ថកិច្ច បានលើកឡើង​ទៀតថា ការខូចខាត គឺ​អស់​តែ​២​បន្ទប់​ប៉ុណ្ណោះ ដោយ​សំភារៈ​មានតម្លៃ​ផ្សេងៗ​ទៀត ពុំមាន​ការ ខូចខាត​ឡើយ​៕V