ក្រសួងការបរទេស​៖ នៅ​ឆ្នាំ​២០១៥ ពលករ​កម្ពុជា ទៅ​ធ្វើការ​ស្របច្បាប់ នៅ​ប្រទេស​ថៃ ជិត ៧ ម៉ឺន​នាក់​

ភ្នំពេណ: ​គិត​ចាប់ពី​ខែមករា ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ ២០១៥ តាម​សំណើ​របស់​ក្រសួង​ការងារ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើ​កំណត់​ទូត​ស្នើសុំ​ទិដ្ឋាការ​ជូន​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចំនួន ៦៨.១៧៤ នាក់ ហើយ​។ នេះ​បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

​លោក ជុំ សុន្ទរី បានប្រកាស​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ខេត្ត​ស្រះកែវ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​រាប់មិនអស់ ដូចជា​៖ ស្នើ​អាជ្ញាធរ​ថៃ បញ្ឈប់​ការចាប់ខ្លួន​ពលករ​ខ្មែរ ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន (​ប័ណ្ណ​ស៊ី​ជម្ពូ​) ផ្តល់​ប័ណ្ណ​ការងារ (Work Permit) និង​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ ការរំលោភបំពាន​លើ​ពលករ​កម្ពុជា ផ្ដល់​ការគាំទ្រ​ផ្នែក​ច្បាប់ (​ផ្ដល់​មេធាវី​ពេល​ឡើង​តុលាការ​) ការទាមទារ​សំណង​ផ្សេងៗ សំរួល​ការធ្វើ​មាតុភូមិនិវត្តន៍​។​ល​។​

​លោក ជុំ សុន្ទរី ក៏បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាសថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ឈ្មោះ អ៊ីង ស៊ី​ធី​ម អាយុ​២៨​ឆ្នាំ មកពី​ភូមិ​កែវ​មុនី ឃុំ​បន្ទាយក្ដី ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់  ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ ហើយ​ជួបប្រទះ​ការលំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ជូន​ដល់​ពល​ការិនី​រូបនេះ​។ ពល​ការិនី អ៊ីង ស៊ី​ធី​ម  បាន​មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង ៧: ៥០ នាទី ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦​។​

​លោក​ជុំ​សុន្ទរី បន្តថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយសង្គ្រោះ​ពល​ការិនី​ខ្មែរ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន (​ថ្ងៃទី​២៨  ខែធ្នូ  ឆ្នាំ​២០១៥) មាន​ចំនួន ៥៣ នាក់​៕​