ពិធី​ដង្ហែ​ព្រះ​សព​ព្រះ​មេគណ​ខេត្តសៀមរាប

ខេត្តសៀមរាប ​៖ ​ឆ្លង​តាម​ការ​ធ្វើ​ពិធីបុណ្យ​ឧទ្ទិស​កុសលផល​បុណ្យ​​ប្រគេន​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន ព្រះ​មេ​គណ​ខេត្ត ដែល​បាន​​​ទទួល​អនិច្ចធម៌ កាលពី​វេលា​ម៉ោង៥និង៤៥​នាទី​ព្រឹក​​ថ្ងៃ​ទី​១៨ ខែធ្នូ ​ក្នុង​ព្រះ​ជន្មាយុ៨២​ព្រះ​វស្សា ដោយ​ព្រះ​រោគា​ពា​ធនៅ​មន្ទីរពេទ្យកាល់​ម៉ែត រាជធា​នី​ភ្នំពេញ ​មានរយៈពេល​១០​ថ្ងៃ​មកនេះ ​លុះ​នៅ​រសៀល​ថ្ងៃ​ទី២៧ ខែធ្នូ ​ក៏​បាន​រៀបចំ​ធ្វើ​ពិធី​រំកិល​ព្រះ​សព ដើម្បី​ដង្ហែប្រទក្សិណតាម​ដង​វិ​ថី​នានា នៅ​ក្នុង​ក្រុង​សៀមរាប​ ។

ក្រោម​វត្តមាន​និមន្ត អញ្ជើញ ចូលរួម​ពី​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុវ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​លោកឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក ឃឹម ប៊ុ​ន​សុង  អភិបាល​ខេត្ត លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​ព្រម​​ទាំង​ឯកឧត្តម លោក​ជំទាវ​ ជា​សមាជិក​រដ្ឋសភា សមាជិក​ក្រុម​ប្រឹក្សា​​ខេត្ត គណៈ​អភិបាលខេត្ត មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ និងព្រះ​មេគណ​ខេត្តឧត្តរមានជ័យ ព្រះ​មេគណ​ធម្មយុត្តិកនិកាយ ព្រះ​អនុគណ​ក្រុង ស្រុក និងព្រះ​​ថេរា​នុត្ថេរៈ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ និងមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី មន្ត្រីរាជការ សហភាព​សហព័ន្ធ​យុវជន​ខេត្ត សិស្ស និស្សិត គរុ​សិស្ស ក្រុម​យុវជន​កាយ​ឫទ្ធិ​កម្ពុជា យុវជន​កាកបាទក្រហមកម្ពុជា ​​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​ប្រជាពលរដ្ឋប្រមាណ​ជាង៧​ពាន់​នាក់ ដែលបាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន ព្រះ​មេគណ​ខេត្ត ​ក្នុង​ការ​​សម្តែង​​សេចក្តី​ទុក្ខ​ក្រៀមក្រំ អាឡោះអាល័យ វិយោគ​សោកសៅ​ឥត​ឧបមា​ពី​ការ​បាត់បង់​នូវ​បុគ្គល​ដែល​ជាទី​គោរព​ស្រឡាញ់ ដែល​ត្រូវជា​ព្រះ​គ្រូ​គុណ​ ព្រះ​គ្រូឧបជ្ឈា និងចំពោះ​ពុទ្ធបរិស័ទ​ផង​ដែរ ។

ឆ្លង​តាម​ការ​ដង្ហែ​ប្រទក្សិណ​ចេញពី​ទី​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ទៅ​តាម​ដង​វិ​ថី​នានា​ក្នុង​ក្រុង យើង​​សង្កេតឃើញ​ប្រជា​ពុទ្ធបរិស័ទ បាន​ចេញ​មក​រង់​ចាំ​ដង្ហែ​ជូន​ដំណើរ​ព្រះ​អង្គ​នៅ​ជា​កិច្ច​គោរព​ប្រតិបត្តិ​នា​ចុង​ក្រោយ​របស់​ព្រះ​អង្គរហូត​ដល់​ក្បួន​ដំណើរ​បាន​មក​ដល់ទី​វត្ត​វិញ​ផង​ដែរ ។

​បន្ទាប់​មក​ គណៈប្រតិភូ​សង្ឃ មន្ត្រី​សង្ឃ អ្នកតំណាង​រាស្ត្រ អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដាក់​កម្រង​ផ្តា​​​ប្រគេនជា​កិច្ច​ចុង​ក្រោយដល់​ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន និងនិមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូលឧ​ទិ្ទ​ស​កុសលផល​បុណ្យ ​ប្រគេន​​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​អង្គបាន​និមន្ត​ទៅ​កាន់​ព្រះ​បរម​សុគតិ​ភពឲ្យ​បាន​គ្រប់​ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ពិធីបុណ្យ​ព្រះ​សព ​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ​នេះ​ផង​ដែរ ៕ ​​