ជន​ជាតិ​ចិន​បៀត​បៀ​ន​រាង​កាយ​នាង​ក្រមុំ​មុន​រៀប​ការ​ប្រុង​ដោះ​ដៃ ​ត្រូវ​នាង​ប្តឹង​ចាប់​ខ្លួន​

ខេត្ត​ត្បូងឃ្មុំ ​៖ ជនជាតិ​ចិន​២​នាក់​ម្តាយ​ និង​កូនត្រូវ​បាន​​សមត្ថកិច្ច​​ឃាត់ខ្លួន កាល​ពីរសៀលថ្ងៃ​ទី​២៧​ ធ្នូ ២០១៥ ដោយ​ជាប់​សង្ស័យ​ល្បួង​កូនក្រមុំ​របស់​អ្នក​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ទៅ​រៀប​​ការ​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់ ថែម​ទាំង​សន្យា​ឲ្យ​ថ្លៃទឹកដោះ​៤.៥០០​ដុល្លារ​ថែម​ទៀត ។ 

​​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ​ធ្នូ នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារបាន​បញ្ជូនជន​សង្ស័យ​មក​កាន់​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ និង​បន្ត​ទៅ​សាលាដំបូង​ខេត្តចាត់វិធានការ​តាម​ច្បាប់​ហើយ​ដែរ ។

អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ លោក​អនុ​សេនី​យ៍ឯក វ៉ា សម្បត្តិ បាន​ឲ្យ​ដឹង​ថា ​​ស្ត្រី​ឈ្មោះសល់ សុខ​ឌី អាយុ​១៩​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​-ឃុំ​ខាងលើ ​​យកប្តី​ជនជាតិ​ចិនបាន​មក​លេង​ផ្ទះ ហើយ​ថែម​ទាំង​បាន​នាំ​ជនជាតិ​ចិន​២​នាក់​ម្តាយកូនមក​ជាមួយ​ផង​ ក្នុង​នោះ​មាន ១-​ឈ្មោះ XU JIANG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E62645959 ចុះ​ថ្ងៃ​ទី​៨ ​ធ្នូ ២០១៥ និង​ម្តាយ​ឈ្មោះ​YE GUAXIN អាយុ​៤៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E62645958 ចុះ​ថ្ងៃ​ទី​៨ ធ្នូ ២០១៥ ក្នុង​គោលបំណង​រក​កូនក្រមុំ​ម្នាក់ដើម្បី​យក​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ។

សមត្ថកិច្ច​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ ឈ្មោះ សុខ​ឌី បាន​នាំ​ជនជាតិ​ចិន​ម្តាយ ​និង​កូន​នោះទៅ​មើល​កូនក្រមុំ​ឈ្មោះ អ៊ុំ ខេ​អេ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង  គ្រានោះ​បាន​សន្យា​ថា បើសិនជា​ឈ្មោះ XU JIANXIAG ជា​កូន​ក​ម្លោះ​និង​ក្រុម​គ្រួសារត្រូវចិត្ត​នោះ​នឹង​ធ្វើ​បែបបទ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ថែម​ទាំង​ឲ្យ​ថ្លៃទឹកដោះ​៤.៥០០​ដុល្លារ​ទៅ​ឲ្យ​ឪពុក​ម្តាយ​របស់​កូនក្រមុំ  ។       

ក្នុង​គ្រានោះ​ ភាគី​កូន​ក​ម្លោះ​ជា​ជនជាតិ​ចិនមិន​ទាន់​ឆ្លើយ​តប​ភ្លាម​ៗថា ​ត្រូវ​ឫ​យ៉ាងណា​នោះ​ទេ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​២៥-២៦ ធ្នូ​ ២០១៥  គេ​ឃើញ​កូន​ក​ម្លោះ​ជនជាតិ​ចិនបាន​ឌុ​ប​កូនក្រមុំ​ដើរ​លេង​តាម​ផ្ទះ​ញាតិ​មិត្ត​ខាង​កូនក្រមុំ​ខ្មែរជាមួយ​នោះ​ថែម​ទាំង​បាន​ទៅ​វាលស្រែក្រោយ​ភូមិ​​​ប៉ះ​ពាល់​​ខ្លួនប្រាណ និងថតរូប​ទុកជា​អនុ​ស្សាវ​រី​យ៍​ទៀត  ។ 

បន្ទាប់​មក​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី២៦ ​ធ្នូ បែរជា​កូន​ក​ម្លោះ​ចិន​បាន​ឆ្លើយ​តប​មក​ប្រាប់ឪពុក​ម្តាយ​ខាង​កូនក្រមុំ​ថា មិន​ត្រូវ​គ្នា​ទេ ​ព្រោះ​ខុសថ្ងៃខែឆ្នាំ ។

នគរបាល​ស្រុក​ក្រូចឆ្មារ បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥  ឪពុក​ម្តាយ​ខាង​កូនក្រមុំ​បាន​មក​ដាក់ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ក្រូចឆ្មារឲ្យ​ជួយ​អន្តរ​គម​ន៏​ចាប់ខ្លួន​ឈ្មោះ សុខ​ឌី និង​ជនជាតិចិន​២​នាក់​ម្តាយកូន​នោះ ដោយ​ចោទប្រកាន់​ពី​បទលួងលោម​កូនស្រី​របស់​គាត់​ឲ្យ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ​ថែម​ទាំង​បាន​បៀតបៀន​រាង​កាយធ្វើ​ឲ្យ​ខូច​កិត្តិយស ដោយ​ទទួលបញ្ជាពី​លោកស្នងការនគរបាល​ខេត្ត ជន​សង្ស័យ​​ទាំង​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ៕
                                                                                                                 ​