​កាប់​គេ​១​កាំបិតប៉័ងតោ ព្រោះ​ខឹង​ហាម​មិន​ឱ្យ​ប្រើ​គ្រឿងញៀន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​បាទី​ចាប់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​កម្រិត​ស្រាល​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​ទៅ​កាប់​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស គ្រាន់តែ​រឿង​ស្តីបន្ទោស​ឱ្យ​តិច​តួច។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៦ ធ្នូ ​​២០១៥ ស្ថិត​នៅ​​ចំណុច​ភូមិ​ចំបក់ ឃុំ​ពត​សរ ស្រុក​បាទី ខេត្តតា​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ ភក្តី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ដូ ភា​រុន អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវ​ជនសង្ស័យ​កាប់​១​ប៉័ងតោ​ត្រូវ​ស្មា​ខាងឆ្វេង ដោយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ ក៏​ស្តីបន្ទោស​ឱ្យ កុំ​ប្រើ ។ ពេល​នោះ​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ខ្លាំង ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់​ជន​រង​គ្រោះ​តែ​ម្តង ។