ស្លាប់​3​នាក់​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ទោះ​មាន​បទ​ឈប់​បាញ់​គ្នា​បុណ្យចូលឆ្នាំ​ថ្មី

យោង​តាម​តុល្យការ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​ឧទ្ទាម​ថា មនុស្ស​យ៉ាងតិច​៣​នាក់ ក្នុង​នោះ​មាន​ទាហាន​ម្នាក់ និង​ជន​ស៊ី​វិល​២​នាក់​បាន​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​តំបន់​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ។ នេះ​ជា​ចំនួន​ជន​រង​គ្រោះ​ដំបូង​តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ពី​ថ្ងៃ​ទី​២២ ធ្នូ មក ។

អ្នកនាំពាក្យ​កងទ័ព​អ៊ុយ​ក្រែ​ន លោក OLEXANDRE MOTOUZIANYK ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ទាហាន​អ៊ុយ​ក្រែ​ន​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នោះ ។ គ្រាប់​ផ្លោង​ជា​ច្រើន​គ្រាប់​បាន​ធ្លាក់​លើ​ផ្ទះ​ទាំងឡាយ បណ្តាល​ឱ្យ​នារី​ចំណាស់​ម្នាក់​ក្នុងភូមិ ZAITSEVE ស្លាប់ ។ ភូមិ​នេះ​ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ដូ​ណេ​ត​ស្ក៍ ទីតាំង​ធំ​របស់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​សាធារណរដ្ឋ​ដូ​ណេ​ត​ស្ក៍​ស្វ័​យ​ប្រកាស​លោក​អេ​ឌូ​អា​ដ បា​ស៊ូ​រី​ន រៀបរាប់​ថា បុរស​ម្នាក់ និង​នារី​ម្នាក់​ត្រូវ​ស្លាប់​នៅ​ភូមិ ZAITSEVE ដោយសារ​ការ​បាញ់​ផ្លោង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ។

ក្រុង​គៀវ និង​ពួក​ឧទ្ទាម​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ទាំងឡាយ​នា​ពេល​ថ្មី​ៗ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​លើក​មុន ៕