រៀវ ចំណាប់ បាន​ត្រឹម​ឈ្នះ​ពិន្ទុ ហេង ពន្លឺ ទាំង​វេទនា​បំផុត

រាជធានី​ភ្នំពេញ ៖ រៀរ ចំណាប់ មក​ពី​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម បាន​ត្រឹមតែ​យកឈ្នះ​ពិន្ទុ ហេង ពន្លឺ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ទាំង​វេទនា​បំផុត នៅ​ក្នុង​ជំនួប​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃអាទិត្យ​ទី​២៧ ធ្នូ កន្លង​មកនេះ បើ​ទោះជា​នៅ​មុន​ពេល​ប្រកួត​រៀវ ចំណាប់ និយាយ​អួត​ថា នឹង​ផ្ដួល ហេង ពន្លឺ ឱ្យ​សន្លប់​នៅ​មុន​ទឹក​ទី​៥​ក៏​ដោយ ។

នៅ​ទឹក​ទី​១ រៀវ ចំណាប់ បាន​ដើរ​ចូល​វាយ​ទៅ​លើ​ផ្ទៃមុខ និង​ទាត់​សំដៅ​កណ្ដៀតក្អម​គូប្រកួត​យ៉ាង​សន្ធាប់ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី ហេង ពន្លឺ បាន​ឡើយ ។ ចំណែក ហេង ពន្លឺ បាន​វាយបក​សង​វិញ​ភ្លាម​ៗ​ដោយ​ប្រើ​ស្នៀត​កែង និង​ជង្គង់​បុក​ទៅ​លើ​រៀវ ចំណាប់​ផ្ទួន​ៗ ។ តាម​ការ​សង្កេត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ រៀវ ចំណាប់ ពិតជា​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​វាយ​ផ្ដួល ហេង ពន្លឺ ឱ្យ​សន្លប់​ដូច​ការ​គ្រោងទុក​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​ពេល​ខ្លះ​គេ​ចង់​ភ័យ​ដោយសារ​តែ​ស្នៀត​កែង​ដ៏​មុត​ស្រួច ហេង ពន្លឺ ទៀត​ផង​។ បើ​កុំ​តែ រៀវ ចំណាប់ មាន​ប្រៀប​ជាងបន្តិច​នៅ​ទឹក​ទី​៥ គេ​ច្បាស់​ជា​គ្មាន​ឱកាស​យកឈ្នះ​ពិន្ទុ​ហេង ពន្លឺ​ទាំង​ប្រផិតប្រផើយ​បែប​នេះ​ទេ ។

យ៉ា​ម ខេមរា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា បាន​យកឈ្នះ​ពិន្ទុ​ជួង ទី​តា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ទាំង​វេទនា​ដូច​គ្នា ។ គូ​នេះ​មុន​នឹង​ឈាន​ដល់​ការ​ចាញ់​ឈ្នះ ភាគី​ទាំង​សងខាង​ក៏​ទ្រម​ខ្លួន​មិន​តិច​ដែរ​។ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣​កីឡាករ​ទាំង​ពីរ​បាន​បញ្ចេញ​ផ្លែ​កែង និង​ជង្គង់​វាយ​សម្រុក​ដាក់​គ្នា​លាន់​សន្ធឹក​ដូច​ព្យុះ ។ យ៉ា​ម ខេមរា ដែល​មាន​មាឌធំ​ជាង​នោះ​កណ្ដាប់ដៃ​ដែល​គេ​វាយ​ចេញ​ហាក់​មាន​ទម្ងន់​ធ្ងន់​ជាង គ្រាន់តែ​មិនសូវ​រហ័ស​ប៉ុណ្ណោះ ។ ចំណែក​ជួង ទី​តា ក៏​មិនធម្មតា​ដែរ​ពេល​យ៉ា​ម ខេមរា វាយ​គេ​បាន​ទាត់​ជើង​ក្រោម​សង​វិញ​ផ្ទួន​ៗ តែ​មាន​ពេល​ខ្លះ​ការ​ទាត់​នេះ​ក៏​ត្រូវ យ៉ា​ម ខេមរា ចាប់ជើង​ជាប់​រួច​រុញ​ឱ្យ​ដួល​ច្រងាប់ច្រងិល​វិញ​ដែរ ។ ទោះជា​យ៉ាងណា គូ​នេះ​ប្រកួត​គ្នា​ដល់​ចប់​ទឹក​ទី​៥ ហើយ​ជា​លទ្ធផល​ចុង​ក្រោយ​យ៉ា​ម ខេមរា បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ជួង ទី​តា យ៉ាង​លំបាក​បំផុត ។

រីឯ​លទ្ធផល​គូ​ផ្សេង​ទៀត កីឡាករ​រឹទ្ធ ប្រាក់ ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ឈ្នះ​កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ដោយសារ​តែ ថា​ន រ៉ា​ឌី វាយ​ថែម​ខុស​លក្ខន្តិកៈ​ប្រកួត ។ កីឡាករ​កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ​ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា​ដោយ​ពិន្ទុ និង​កីឡាករ​ឃិ​ន សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ​ច្រិច កុសល មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៕